ភ្នំពេញ៖ នៅវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ រដ្ឋបាលខណ្ឌច្បារអំពៅ ប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី២ ក្រោមអធិបតីភាពលោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ និងលោក អ៊ាង ស៊ីផាន អភិបាល នៃគណៈអភិបាលខណ្ឌ ច្បារអំពៅ ។
កិច្ចប្រជុំ សមាសភាពចូលរួមសមាជិកក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ កងកម្លាំងទាំង៣ ប្រធាន អនុប្រធានការិយាល័យប្រធាន ក្រុមប្រឹក្សាសង្កាត់ ទីប្រឹក្សាខណ្ឌនាយករដ្ឋបាល និងការិយាល័យ អង្គភាពចំណុះសាលាខណ្ឌ ផងដែរ។
កិច្ចប្រជុំ ពិភាក្សាតាមរបៀបវារៈអង្គប្រជុំមានដូចជា៖១- ឆ្លង និង អនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២១ (៣០-០៣-២០១៦) របស់ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី២។ ២-ពិនិត្យ និង អនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែ មេសា ឆ្នាំ២០១៦ របស់រដ្ឋបាលខណ្ឌ។ ៣-ឆ្លង និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការនៃរដ្ឋបាលខណ្ឌ ប្រចាំខែមេសា ឆ្នាំ២០១៦និង បញ្ហាផ្សេងៗ។
បន្ទាប់ពី ស្ដាប់ របាយការណ៍របស់ រដ្ឋបាលសាលាខណ្ឌ បានលើកឡើងអំពីសកម្មភាពរយៈពេល១ខែ និង បញ្ហាប្រឈម តម្រូវការរបស់ មូលដ្ឋានរួចមក នាឱកាសនោះលោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ បានមានមតិបញ្ជាក់និងសំណេះសំណាលទៅកាន់សមាជិក សមាជិកាដែលបានចូលរួមប្រកបដោយភាពកក់ក្ដៅ ព្រមទាំងបានស្នើដល់ថ្នាក់ខណ្ឌ សង្កាត់ ភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវបន្តការយកចិត្តទុកដាក់លើការអនុវត្តន៍ គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ការដោះស្រាយសំណូមពរ បម្រើសេវាសាធារណៈលើលិខិតស្នាម ឯកសាររដ្ឋបាលនានាមានអត្រានុកូលដ្ឋាន សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ តាមកម្រៃសេវារបស់ថ្នាក់ក្រោមជាតិ បើមានសកម្មភាពមិនប្រក្រតី ភាពអសកម្មលើចំណុចណាមួយជាមួយប្រជាពលរដ្ឋត្រូវរួសរាន់កែតម្រូវ ធ្វើជាមន្ត្រីដឹងសុខទុក្ខពលរដ្ឋ ដើម្បីឲ្យស្របតាមនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យបានក្លាយជាប្រព័ន្ធរដ្ឋបាលស៊ីជម្រៅ និងចូលរួមការកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន៕