កំពង់ចាម៖ នៅថ្ងៃទី៣០ខែមេសាឆ្នាំ២០១៦ ដើម្បីចូលរួមអបអរសាទរ ទិវាពលកម្មអន្តរជាតិ ០១ ឧសភា ឯកឧត្តម លន់ លឹមថៃ អភិបាលនៃគណៈអភិបាលខេត្ត កំពង់ចាម បានអញ្ចើញសាកសួរសុខទុក្ខ កម្មករ កម្មការនី រោងចក្រ(មេនហាធេន) នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ពិធីនេះមានវត្តមានចូលរួម ពី ឯកឧត្តម ជឹម លាវ ឯកឧត្តម អ៊ុំភឿនគុណវុឌ្ឍ អភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ ជុំវិញខេត្ត គណៈអភិបាលស្រុកកំពង់សៀម អភិបាលក្រុងកំពង់ចាម ក្រុមប្រឹក្សាស្រុក កងកម្លាំងទាំង៣ មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និង កម្មករ កម្មការនីរោងចក្រជាច្រើននាក់ផងដែរ។
នាឱកាសនោះឯកឧត្តម លន់ លឹមថៃ អភិបាលនៃគណៈអភិបាលខេត្ត កំពង់ចាមបានមានមតិសំណេះសំណាល សាកសួរសុខទុក្ខទៅកាន់កម្មករ កម្មការនី រោងចក្រប្រកបដោយភាពរីរាយនិងស្និទ្ធស្នាលបំផុត ហើយឯកឧត្តមក៏បានលើឡើងបន្ត អំពីកិច្ចអភិវឌ្ឍន៍របស់រាជរដ្ឋភិបាល ក្រសួងការងារ វិនិយោគិនដែលបានដាក់ភាគហ៊ុន វិនិយោគនៅក្នុងប្រទេស ហើយ បានកែសម្រួល វិស័យកាត់ដេរ ដូចជា ការតម្លើង ប្រាក់ខែដល់កម្មករកម្មការនី ការបញ្ចុះតម្លៃ ផ្ទះជួល ប្រាក់អាហារ និងប្រាក់បន្ថែមម៉ោង ថ្លៃទឹកភ្លើង និងក្រសួងរៀបចំឲ្យមានរបបបេឡាសន្តិសុខសង្គមនាពេលខាងមុខ សម្រាប់ផ្នែកសេវាសុខភាព និងការជួយក្នុងគ្រោះថ្នាក់ផ្សេង។
ឯកឧត្តមក៏បានបន្តផងដែរថា៖ស្របពេលអាកាសធាតុនៅក្នុងប្រទេសមានការប្រែប្រួល ដូចជាក្ដៅ រាំងស្ងួត ធ្វើឲ្យនៅតាមបណ្ដាស្រុក ឃុំ ភូមិ មានកង្វះទឹកប្រើប្រាស់ សូមប្អូនៗជាកម្មករ កម្មការនី ត្រៀម ថែរក្សាសុខភាព អនាម័យ ដើម្បីជៀសផុតពីជម្ងឺដង្កាត់ ហើយ មុនចាកចេញទៅធ្វើការត្រូវពិនិត្យមើល ផ្ទះសម្បែងពន្លត់ភ្លើង ឲ្យបានត្រឹមត្រូវ ដើម្បីបង្ការ ការគ្រោះថ្នាក់ដោយអគ្គិភ័យដែលកើតមានឡើងហើយបើមានការកង្វះទឹកស្អាតប្រើប្រាស់ត្រូវរាយការណ៍មកអាជ្ញាធរឲ្យបានដឹងដើម្បីជួយអន្តរាគមន៍ដោះស្រាយក្នុងឱកាសនោះដែរលោកតំនាងរោងចក្រ(មេនហាធេន)បានឧបត្ថម្ភ អាវភ្លៀងជូនដល់ ឯកឧត្តមអភិបាលខេត្ត ចំនួន២០០អាវសម្រាប់យកទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋក្នុងខេត្តផងដែរ៕
ដោយ៖ អ៊ាម ហ៊ុយ