ភ្នំពេញ៖នៅថ្ងៃទី៣០ខែមេសាឆ្នាំ២០១៦ លោកស្រី ចន គន្ធា ប្រធានសមាគមន៍នារីកម្ពុជាដើម្បីអភិវឌ្ឍន៍ខណ្ឌមានជ័យ និង ជាភរិយា លោក ពេជ្រ កែវមុនី អភិបាលខណមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណាយ របស់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ និងថវិកាផ្ទាល់ លោកអភិបាលខណ្ឌមានជ័យ សម្រាប់១គ្រួសារ៥ម៉ឺនរៀល និង ថវិកា លោកស្រីប្រាជ្ញ ចន្ទ័សុម៉ាលី ក្នុងមួយគ្រួសារ២ម៉ឺនរៀល សំរាប់ ០៥គ្រួសារ ដែលជាគ្រួសារចាស់ជរាគ្មានទីពឹង និងគ្រួសារដែលពិការ ទាំងប្តី-ប្រពន្ធ នៅក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
ឆ្លៀតក្នុងឱកាសនោះ លោកស្រី ចន គន្ធា ប្រធានសមាគមន៍នារីកម្ពុជាដើម្បីអភិវឌ្ឍន៍ខណ្ឌមានជ័យ បានលើកឡើងអំពីការយកចិត្តទុកដាក់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកតែងតែយកចិតទុកដាក់ដោះស្រាយ បញ្ហារាល់ទុក្ខលំបាកផ្សេងៗ ដែលកើតមានឡើងទៅលើប្រជាពលរដ្ឋទីទ័លក្រ ងាយរងគ្រោះនៅទូទាំងប្រទេស ពីព្រោះជាទូទៅគេ សង្កេតឃើញថា ទីណាមានប្រជាពលរដ្ឋជួបទុក្ខលំបាក ទីនោះជានិច្ចជាកាលតែងតែ មានវត្តមានរបស់កាកបាទក្រហមកម្ពុជាជានិច្ច ជាពិសេសនៅពេលដែលប្រជាពលរដ្ឋជួបគ្រោះអាសន្នផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ។ លោក ស្រីបានបន្តថា បើទោះបីជាយើងមានជីវភាពខ្វះខាតក៏ពិតមែន ក៏ប៉ុន្តែយើងគ្រាន់តែមានការខ្វះខាតក្នុងស្ថានភាពដែល ប្រទេសយើង មានសុខសន្តិភាព និងគ្មានសង្គ្រាមដូចនេះយើងត្រូវខិតខំតស៊ូរស់បន្តទៀត ប្រកបដោយក្ដីសង្ឃឹមជានិច្ច ពីព្រោះសម្ដេចតេជោ ហ៊ុន សែន បានសន្យាហើយថាមិនឲ្យប្រជាពលរដ្ឋរបស់លោកណាម្នាក់ អត់បាយស្លាប់ឡើយ ហើយលោកបានបញ្ជាឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់ ធ្វើយ៉ាងណាយកចិត្តទុកដាក់មើលថែទាំសុខ ទុក្ខប្រជាពលរដ្ឋឲ្យបានគ្រប់ជ្រុងជ្រោយ។ -បន្ទាប់ពីការសាកសួរសុខទុក្ខចប់ក្រុមការងារក៏បានផ្ដល់ថវិកាដល់គ្រួសារចាស់ជរាគ្មានទីពឹង និងគ្រួសារដែលពិការ ទាំងប្តី-ប្រពន្ធ នៅក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យរាជធានីភ្នំពេញចំនួន០៥ដោយក្នុង១គ្រួសារទទួលបានសរុប៧០០០០រៀលផងដែរ៕