កំពង់ចាម៖ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម និង ក្រុមការងារសាលាខេត្ត និងលោក ឡោ ចាន់លី អភិបាលស្រុក បាធាយ បានចុះពិនិត្យស្ថានភាពទឹក និងការដ្ឋានស្ថាបនាផ្លូវប្រវែង ៧គីឡូម៉ែត្រ នៅឃុំតាំងក្រាំង ស្រុកបាធាយខេត្តកំពង់ចាម។
ក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រជាជនប្រមាណជិត២០០នាក់ នៅក្នុងភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ នៅក្នុងឱកាសនោះ ឯកឧត្តម លន់ លឹមថៃ អភិបាលខេត្ត បានដោះស្រាយបញ្ហាសំខាន់បាន៣ធំៗ គឺ៖ ១- ការឆ្លើយតបនឹងសំណូមពរ របស់ប្រជាពលរដ្ឋចំពោះការស្តារស្រះទឹក, ២-ការធ្វើផ្លូវប្រវែង៧គីឡូម៉ែត្រ នៅឃុំតាំងក្រាំង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង៣-ការជួបប្រជាជន និងលោកគ្រូ អ្នកគ្រូ ដើម្បីពន្យល់ និងបង្ហាញអំពីការអភិវឌ្ឍជឿនលឿន របស់ប្រទេសកម្ពុជា ដែលផ្តើមចេញពីថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩។
ក្រៅពីការសំណេះសំណាលឯកឧត្តមក៏ បានលើកទឹកចិត្តដល់ឪពុកម្តាយ ឲ្យជំរុញកូនៗទៅរៀនឲ្យបានជ្រៅជ្រះ ដើម្បីបង្កើនធនធានមនុស្ស ចៀសវាងបាននូវដានប្រវត្តិសាស្ត្រដ៏ជូរចត់ និង បន្តកសាងអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា៕