ព្រះវិហារ៖ នៅថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០១៦ នេះ សាខាកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោក អ៊ុ ម៉ារ៉ា ប្រធានកិត្តិយសសាខា បាននាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនគ្រួសាររងគ្រោះចំនួន ១៨គ្រួសារ ដែលបណ្តាលមកពីខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ ម្សិលមិញនេះ នៅឃុំឆែប១ និងឃុំសង្កែ១នៃស្រុកឆែប ខេត្តព្រះវិហារ។
ក្នុងឱកាសនោះ លោកប្រធានកិត្តិយសសាខា បាននាំយកប្រសាសន៍សួរសុខទុក្ខ និងសម្តែងការសោកស្តាយពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះឧបទ្ទវហេតុដែលកើតមានឡើងចំពោះបងប្អូន និងផ្តាំផ្ញើសូមកុំអស់សង្ឃឹម ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតបន្តទៅទៀត។
អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនគ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកាមួយចំនួន។ ដោយឡែកគ្រួសាររលំផ្ទះ របើកដំបូលទាំងស្រុងចំនួន ៨ គ្រួសារ ទទួលបានតង់១ បន្ថែមទៀត។
នៅថ្ងៃដដែលនោះ លោកប្រធានកិត្តិយស និងសហការី បានបន្តមកសាកសួរសុខទុក្ខ អ្នករបួសដោយខ្យល់កន្ត្រាក់នោះចំនួន៣នាក់ (២គ្រួសារ) ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ១៦ មករា ខេត្តព្រះវិហារ និងបាននាំយកគ្រឿងឧបភោគ-បរិភោគ ផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន ៖ មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ ទឹកដោះគោឆៅ ២ឡូ ស្ករស ១គីឡូ និងថវិកា ១,០០០,០០០ រៀល។ រីឯ អ្នកជំងឺ ៩នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅបន្ទប់ក្បែរនោះ ក៏ទទួលបានថវិកាមួយចំនួនផងដែរ។
សូមបញ្ជាក់ថា៖ គ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះ បានកើតឡើងនៅស្រុកចំនួន ៣ គឺ ស្រុកឆែប ស្រុកជ័យសែន និងស្រុករវៀង ហើយបានប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ចំនួន ៧៥គ្រួសារ ដែលក្នុងនោះអ្នករងគ្រោះទាំងស្រុង ១០គ្រួសារ ធ្ងន់ធ្ងរ ២៩គ្រួសារ តិចតួច ៤៦គ្រួសារ និងមានអ្នករងរបួស ៣នាក់់ ហើយដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានធ្វើការចាត់អាទិភាពផ្តល់ជំនួយ ចំនួន ៤១គ្រួសារ ក្នុងនោះមានអ្នករបួស ៣នាក់ ស្មើ ២គ្រួសារ ជាក់ស្តែង ក្នុងថ្ងៃនេះ បានផ្តល់ ២០គ្រួសារ។ ដោយឡែក ចំពោះគ្រួសាររងគ្រោះ ២១គ្រួសារទៀត នៅស្រុកជ័យសែន និងស្រុករវៀង សាខានឹងចែកអំណោយមនុស្សធម៌បន្តទៀត៕