កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៤ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប

05-May-2016 | ដោយ មែន កំសត់


​ខេត្តសៀមរាប ៖ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប នា​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៦​នេះ មាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៤ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​២ ក្រោម​អធិបតីភាព របស់​ឯកឧត្តម នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង  អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប

​ក្នុងនោះ​ពិធី​នោះដែរ​ក៏មាន​ការអញ្ជើញ ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត អាជ្ញាធរ​ជាតិ​អប្សរា និង​អស់លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត នាយករង​រដ្ឋបាល​សាលាខេត្ត ទីចាត់ការ​ទាំង​៦​របស់​រដ្ឋបាល​សាលាខេត្ត អាជ្ញាធរ​ក្រុង​ចូលរួម​ផងដែរ​។

​ដើម្បី​ពិនិត្យ ពិភាក្សា អនុម័ត​លើ​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៣ របស់​ក្រុមប្រឹក្សា​ខេត្ត  និង​ពិនិត្យ ពិភាក្សា ការអនុម័ត​លើ​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០១៦ របស់ មណ្ឌល​អភិវឌ្ឍន៍​ធនធានមនុស្ស រដ្ឋបាល​ខេត្តសៀមរាប  និង​ពិនិត្យ ពិភាក្សា អនុម័ត​លើ​សំណើសុំ​តែងតាំង​មន្ត្រីរាជការ​ស៊ីវិល ចំនួន​០៥​រូប មកពី​រចនាសម្ព័ន្ធ​មន្ទីរ​ក្នុង​ខេត្ត និង​បញ្ហា​ផ្សេងៗ ។
​បន្ទាប់ពី​ការពិនិត្យ​កូរ៉ុម សមាសភាព​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​រួចមក ឯកឧត្តម នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​មានប្រសាសន៍ បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៤ អាណត្តិ​ទី​២ របស់​ក្រុមប្រឹក្សា​ខេត្ត សមាជិក​កិច្ចប្រជុំ​ក៏បាន​ធ្វើការ​ត្រួតពិនិត្យ និង ពិភាក្សា​ទៅតាម​របៀបវារៈ​នៃ​កិច្ច​ប្រជុំបាន​គ្រោងទុក ។

​បន្ទាប់ពី​ការអនុម័ត​ទៅលើ​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ សាមញ្ញ​លើក​ទី​២៣ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​២​រួចមក កិច្ចប្រជុំ​បានធ្វើ​ការត្រួត​ពិនិត្យ ពិភាក្សា លើ​សេចក្តីព្រាង​របាយការណ៍​ប្រចាំ​ខែមេសា ឆ្នាំ​២០១៦ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត ក្នុងនោះ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក៏បាន​លើកឡើង​នូវ​ចំណុច​មួយ​ដោយ​ផ្តោត​អំពី បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់ ទៅលើ​ល្បែងស៊ីសង គ្រឿងញៀន អំពី​បញ្ហា​រង្វាន់​លើកទឹកចិត្ត  បញ្ហា​ទឹកស្អាត និង ការគ្រប់គ្រង​បុរាណ​ដ្ឋា​ន​ជាដើម ។

​ក្នុងនោះដែរ​ឯកឧត្តម បណ្ឌិត ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ក៏បាន​ធ្វើការ​បកស្រាយ​បំភ្លឺ​ដល់​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត ដោយបាន​គូសបញ្ជាក់ថា ក្នុងនាម​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត បាន​យកចិត្តទុកដាក់​ខ្ពស់ លើ​ការបង្ក្រាប​នូវ​ល្បែងស៊ីសង និង​គ្រឿងញៀន​ដូច​ភ្លៀងរលឹម ព្រមទាំង​បានធ្វើការ​បង្ក្រាប​ទីតាំង​កាស៊ីណូ​ដ៏​ធំ​មួយ​នៅ​កណ្តាល​ក្រុង សៀមរាប ហើយ​ចំពោះ​ការផ្តល់​ប្រាក់រង្វាន់​ដល់​មន្ត្រីរាជការ​សាលាខេត្ត ក៏បាន​ធ្វើការ​បែងចែក​ជូន​ដល់​មន្ត្រីរាជការ​រួចរាល់​ផងដែរ ។ ក្នុងនោះ​លោក​បណ្ឌិត​ក៏បាន​អនុញ្ញាត​ឲ្យ​បណ្តា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ដែលមាន​ការពាក់ព័ន្ធ​បានធ្វើការ​បកស្រាយ បំភ្លឺ​នូវ​រាល់​បញ្ហា ដែល​បានលើកឡើង​របស់​សមា​ជិ​ក​ក្រុម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៤ អាណត្តិ​ទី​២​នេះ​ផងដែរ ។​

​ឆ្លងតាម​ការបកស្រាយ​របស់​អស់លោក​ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​រួចមក   មានមតិ​បូកសរុប​នៃ​កិច្ចប្រជុំ​នោះ  ឯកឧត្តម នូ ផល្លា ក៏បាន​បញ្ជាក់​អំពី​លទ្ធផល​ដែល​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៤ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​២ ដែល​បានអនុម័ត​ទៅលើ​លទ្ធផល​នៃ​កិច្ច​ពិនិត្យ ពិភាក្សា​ទៅតាម​របៀបវារៈ​ដែល​បានគ្រោង​ទុក ដោយ​ក្នុង​សង្កត់ធ្ងន់​ចំពោះ​មន្ទីរ​មានការ​ពាក់ព័ន្ធ ត្រូវមាន​វិធានការ​ធ្វើការ​ដោះស្រាយ​ប្រកបទៅដោយ​សន្តិវិធី ។  ដោយឡែក​ចំពោះ របៀបវារៈ​មួយ​ចំណុច ស្តីពី​ការពិនិត្យ ពិភាក្សា អនុម័ត​លើ​សំណើសុំ​តែងតាំង​មន្ត្រីរាជការ​ស៊ីវិល ក្នុង​រចនាសម្ព័ន្ធ​មន្ទីរ​អង្គភាព​ចំនួន​០៥​រូប ដោយបាន​ធ្វើការ​ប្រជុំ​ជាសម្ងាត់​ផងដែរ ។​

​ក្នុងនោះ​ឯកឧត្តម​ក៏បាន​ធ្វើការ​ជម្រុញ ដល់​មន្ទីរ អង្គភាព​មាន​សមត្ថកិច្ច​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ សន្តិសុខ​ទេសចរណ៍ ការផ្តល់​អត្តសញ្ញាណប័ណ្ណ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា និង​បំបាត់​នូវ​ល្បែងស៊ីសង និង​គ្រឿងញៀន នៅតាម​មូលដ្ឋាន​ផងដែរ ។ លោក ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​គណៈ​អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព អាជ្ញាធរ​ជាតិ​អប្សរា និង អាជ្ញាធរ​ក្រុង ដែល​បាន​ចូល​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​ខេត្ត​លើក​ទី​២៤​នេះ  ដែល​កាន់​ធ្វើ​ឲ្យ​មានការ​ប្រសើរឡើង​ថែមទៀត ក្នុងការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា សំដៅ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រជាពលរដ្ឋ និង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ ៕

ចំនួនអ្នកទស្សនា

    20219817

  • ថ្ងៃនេះ1871
  • ម្សិលមិញ7271
  • សប្តាហ៍នេះ21341
  • ខែនេះ9151
  • ឆ្នាំនេះ992371
  • សរុប20219817