កំពង់ចាម ៖ នៅព្រឹកថ្ងៃទី០៥ខែឧសភា ឆ្នាំ២០១៦ រដ្ឋបាលសាលាស្រុក កោះសូទិន បានរៀបចំ កិច្ច ប្រជុំសាមញ្ញលើកទី២៤អាណត្តិទី២របស់ក្រុមប្រឹក្សាស្រុកកោះសូទិនក្រោមអធិបតីភាព លោក ហេង ហ៊ុន ប្រធានក្រុមប្រឹក្សាស្រុកកោះសូទិន ។កិច្ចប្រជុំ សមាសភាពចូលរួមសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងទាំង៣ ប្រធាន អនុប្រធានការិយាល័យប្រធាន ក្រុមប្រឹក្សាឃុំ ទីប្រឹក្សាស្រុកនាយករដ្ឋបាល និងការិយាល័យ អង្គភាពចំណុះសាលាស្រុក ផងដែរ។
កិច្ចប្រជុំ ពិភាក្សាតាមរបៀបវារៈអង្គប្រជុំមានដូចជា៖១- ឆ្លង និង អនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សា ស្រុកអាណត្តិទី២។ ២-ពិនិត្យ និង អនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែ មេសា ឆ្នាំ២០១៦ របស់រដ្ឋបាលខណ្ឌ។ ៣-ឆ្លង និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការនៃរដ្ឋបាលខណ្ឌ ប្រចាំខែមេសា ឆ្នាំ២០១៦និង បញ្ហាផ្សេងៗ។
ក្រោយពីស្ដាប់របាយការណ៍របស់ថ្នាក់រដ្ឋបាលស្រុក ជុំវិញបញ្ហាប្រឈមនិងតម្រូវការចាំបាច់ លោក ហេង ហ៊ុន ប្រធានក្រុមប្រឹក្សាស្រុកកោះសូទិន បានមានមតិ និងដាក់ផែនការជូនដល់បណ្ដាអង្គភាពដើម្បីអនុវត្តន៍បន្ត គឺត្រូវយកចិត្តទុកដាក់លើការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបម្រើសេវា សាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ការយកចិត្តទុកដាក់កិច្ចអភិវឌ្ឍន៍ ការចុះជួយសង្គ្រោះប្រជាពលរដ្ឋ ពិសេសអ្នកដែលរងគ្រោះកង្វះខាតទឹកប្រើប្រាស់ ចូលរួម សហការលើ ការតាមដានត្រួតពិនិត្យ និង ក្ដាប់ឲ្យបាននូវរាល់ស្ថិតិ ប្រព័ន្ធធារាសាស្ត្រ ហើយបើមានទីតាំងណាជួបគ្រោះ រាំងស្ងួត ត្រូវស្នើសុំអន្តរាគមន៍ ដោះស្រាយស្ដារឡើងវិញ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ លោកប្រធានក៏បានបន្តទៀតផងដែរថា៖រដ្ឋបាលឃុំ និងប៉ុស្តិ៍ត្រូវមានផែន ការចុះប្រជុំផ្សព្វផ្សាយឲ្យបានទូលាយនូវគោលការណ៍ច្បាប់ ពិសេស គ្រោះថ្នាក់ចរាចរណ៍ ការងាររដ្ឋបាលលិខិតស្នាមមានសៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណនិងអត្រានុកូលដ្ឋានតាមកម្រៃសេវាច្បាប់ រាល់ចំណុចអសកម្មភាពត្រូវធ្វើការកែតម្រូវ ដើម្បីចូលរួមកិច្ចអភិវឌ្ឍន៍និងកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន៕