ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ នៅវត្តទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ បានរៀបចំវេទិការបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌដង្កោ ជាមួយប្រជាពលរដ្ឋចំនួន ប្រមាណ ២០០នាក់ មកពីសង្កាត់ចំនួន ០៤ រួមមានៈ សង្កាត់ក្រាំងពង្រ សង្កាត់ពងទឹក សង្កាត់ប្រទះឡាង និងសង្កាត់ព្រៃវែង ក្រោមអធិបតីភាព លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌដង្កោ។
វេទិកានេះ មានការចូលរួមពីសំណាក់ ឯកឧត្តម កែប ជុតិមា តំណាងរាស្ត្រមណ្ឌលភ្នំពេញ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងឯកឧត្តម លោកជំទាវ លោកលោកស្រី ជាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌដង្កោ មន្ត្រីសាលាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ មេភូមិ ប្រជាការពារ ប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់ រួមនិងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
ក្រោយពីស្ដាប់របាយការណ៍របស់លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ ដែលបានអានជូននូវសកម្មភាពដែលបានអនុវត្តន៍ នាពេលកន្លងមក ព្រមទាំងមានការចោទសួរលើកឡើងពីសំនាក់ប្រ ជាពលរដ្ឋ និងបានសំណូមពរ ដល់អាជ្ញាធរ ក្នុងឱកាសនោះលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីប្រធាន ក្រុមការងារក៏បានទទួលយកសំណើ សំណួរ និងសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ យកមកដោះស្រាយ ព្រមទាំងបានផ្សព្វផ្សាយជូនអំពីកម្រងសេវាសាធារណៈរបស់រដ្ឋបាលខណ្ឌដង្កោ ជូនដល់ប្រជាពលរដ្ឋ ដើម្បីមកទទួលសេវានៅការិយាល័យច្រកចេញចូលតែមួយខណ្ឌដង្កោ ឲ្យបានប្រកបដោយតម្លាភាព ឆាប់រហ័ស និងដោះស្រាយសេវារដ្ឋបាលនានាឲ្យមានតម្លៃថោក៕