ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦ នេះ នៅភូមិចំនួនពីរ ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរៀបចំពិធី ជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋទាំងពីរភូមិ ដែលកំពុងខ្វះខាតទឹកប្រើប្រាស់ ។
ពិធីនេះមានវត្តមានចូលរួមពី ឧកញ៉ា សែម ពិសិដ្ឋ លោក លោកស្រីជាអភិបាលរងខណ្ឌ មន្ត្រីការិយាល័យជំនាញសាលាខណ្ឌ ក្រុមការងារយុវជន សសយកខណ្ឌ ក្រុមប្រឹក្សាសង្កាត់ មេភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ និង ប្រជាពលរដ្ឋចំនួន ១៥៤គ្រួសារផងដែរ ស្ថិត ក្រោមអធិបតីភាព លោក ហែម ដារិទ្ធ អភិបាលខណ្ឌ ពោធិ៍សែនជ័យ ។
នាឱកាសនោះ លោក ហែម ដារិទ្ធ អភិបាលខណ្ឌ ពោធិ៍សែនជ័យ បានមានមតិសំណេះសំណាល សាកសួរសុខទុក្ខទៅកាន់បងប្អូនប្រកបដោយភាពស្និទ្ទស្នាល និងកក់ក្ដៅបំផុតហើយលោកក៏បានបញ្ជាក់ថា៖ដោយយោង ភូមិទាំងពីរខាងលើ មានទីតាំងដាច់ស្រយាលជាយរាជធានីភ្នំពេញ ដែលបណ្ដាញទឹកស្អាតមិនទាន់ទៅដល់នៅឡើយ ហើយតំបន់នេះទៀតសោត ពិបាកនិងជីកអណ្ដូងណាស់បើជីកអណ្ដូងជម្រៅជាង១០០ម៉ែត្រមិនសង្ឃឹមថាមានទឹកផង ដោយពិនិត្យឃើញស្ថានភាពលំបាកនេះទើបថ្នាក់ដឹកនាំសាលាខណ្ឌ សង្កាត់បានរៀបចំក្រុមការងារ ចុះដឹកនាំកំលាំង នាំទឹកជាច្រើនម៉ែត្រគូប ទៅចែកជូន ប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់នោះសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ។
ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលខណ្ឌ ក៏សូមអរគុណដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងខណ្ឌ យុវជន និងមិត្តឧកញ៉ាសែម ពិសិដ្ឋ ដែលបានបន្តចុះចែកទឹកដល់ ប្រជាពលរដ្ឋនិងក៏សូមអរគុណដល់ប្រពន្ធសំលាញ់ផងដែរ ដែលបានចូលរួមនិងគាំទ្រគ្រប់សកម្មភាពមនុស្សធម៌គ្រប់រូបភាពនៅក្នុងក្របខណ្ឌ ទូទៅក្នុងខណ្ឌពោធិ៍សែនជ័យ៕