ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០១៦ សាលា សង្កាត់ ផ្សារដើមគរ បានបើកការប្រជុំផ្សព្វផ្សាយវេទិកាសាធារណៈ ក្រោមអធិបតីភាពលោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយ វេទិកានេះមានការចូលរួមពី លោក ទិត្យ សាមឿន ចៅសង្កាត់ស្តីទី លោក ហែម វណ្ណរិទ្ធ នាយប៉ុស្តិ៍ លោកនាយរងប៉ុស្តិ៍ លោកតំណាងអោយកងរាជអាវុធខណ្ឌទួលគោក លោក លោកស្រី សមាជិកក្រុមប្រឹក្សា មេភូមិ និងក្រុមការងារយុវជន រួមទាំងប្រជាពលរដ្ឋច្រើននាក់ផងដែរ។
ក្រោយពីតំណាងចៅសង្កាត់ ស្ដីទី បានផ្សព្វផ្សាយជូនប្រជាពលរដ្ឋពីបញ្ហា ៩ ចំណុច ជាពិសេសការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការងារសន្តិសុខសណ្ដាប់ធ្នាប់ ច្បាប់ចរាចរណ៍ រួចមក ហើយនៅក្នុងឱកាសនោះប្រជាពលរដ្ឋក៏បានចោទសួរនិងបានលើកឡើងអំពីបញ្ហាការដាក់ប្រព័ន្ធលូ មុខកាត់ ១.៥០ ម៉ែត្រ តាមបណ្តោយផ្លូវលេខ ៣៣៦ ដែលក្រុមហ៊ុនជីកដាក់ប្រព័ន្ធលូរួចរាល់ហើយ ទុកចោល ដោយមិនបានចាក់ប៉េតុងអោយស្អាតជូនប្រជាពលរដ្ឋវិញទេ ព្រមទាំងសាកសួរអំពីបញ្ហាផ្សេងៗជុំវិញការងាររដ្ឋបាលរវាងសង្កាត់ និងការដោះស្រាយនូវភាពអសកម្មរបស់អាជ្ញាធរ ភូមិ សង្កាត់ ការបម្រើសេវាសាធារណៈព្រមទាំងបទល្មើសពិសេសល្បែងស៊ីសង។
ឆ្លើយតបទៅកាន់អង្គវេទិកាលោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក បានលើកឡើងនិងបកស្រាយទៅតាមចំណុចដែលបងប្អូនចោទសួរ លោកក៏បានបញ្ជាក់ថា៖ អាជ្ញាធរក៏បានប្រាប់ទៅក្រុមហ៊ុន និងមន្ត្រីមន្ទីរសាធារណៈការជាច្រើនលើក ច្រើនសាររួចមកហើយដែរ ហើយលោកក៏បានស្នើដល់សមត្ថកិច្ច ត្រូវបង្ការយកចិត្តទុកដាក់ ការងារសន្តិសុខសណ្ដាប់ធ្នាប់ ការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ រាល់ភាពអសកម្មត្រូវបោះបង់និងកែតម្រូវ ដើម្បីចូលរួមកិច្ចអភិវឌ្ឍន៍មូលដ្ឋាននិងកាត់បន្ថយភាពក្រីក្រ៕