ភ្នំពេញ ៖ យោងតាមស្មារតីអង្គប្រជុំរបស់សាលារាជធានីភ្នំពេញ ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៦នេះ គណ:បញ្ជាការ ឯកភាពខណ្ឌឫស្សីកែវ បានបើកកិច្ចប្រជុំបន្ទាន់ ស្តីពី ការការពារសន្តិសុខ សុវត្តិភាពក្នុងមូលដ្ឋានខណ្ឌ កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ជា ពិសី ប្រធានគណ:បញ្ជាការឯកភាពខណ្ឌ និង ជាអភិបាលខណ្ឌ ឫស្សីកែវ។
កិច្ចប្រជុំនេះដែរក៏ មាន ការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, លោកអធិការរងខណ្ឌ, លោកមេបញ្ជាការរងកងរាជ អាវុធហត្ថខណ្ឌ, លោកចៅសង្កាត់ទាំង៦, ប្រធាន-អនុប្រធានការិយាល័ចំណុះសាលាខណ្ឌ, តំណាង យុទ្ធភូមិភាគពិសេសប្រចាំខណ្ឌ និងប្រធានសណ្តាប់ធ្នាប់ខណ្ឌសរុប ១៧រូប ។
មានមតិសំណេះសំណាលទៅកាន់កិច្ចប្រជុំនាឱកាសនោះដែរ លោក ជា ពិសី ប្រធានគណ:បញ្ជាការឯកភាពខណ្ឌនិងជាអភិបាលខណ្ឌ ឫស្សីកែវ បានជម្រុញដល់សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់លើការ ការពារ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យបានទាន់ពេលវេលា មានផែនការមានការដាក់វេនប្រចាំការរវាង កងកម្លាំងប្រជាការពារ សង្កាត់ ភូមិ សហការជាមួយប៉ុស្តិ៍នគរបាល ក្រុមប្រឹក្សាសង្កាត់ ដើម្បីបង្ការបង្ក្រាបនូវបាតុភាពដែលបង្កឡើងដោយ ក្រុម ក្មេងទំនើងនិងបទល្មើសផ្សែងៗជាយថាហេតុ ផ្ដល់ព័ត៌មានតាមរយៈអាយកូម លើកិច្ចប្រតិបត្តិការជារៀងរាល់ថ្ងៃ ស្រាវជ្រាវស្វែងរកមុខសញ្ញាគ្រឿងញៀន បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ឲ្យខានតែបាន ហើយត្រូវរៀបចំក្រុមការងារ ចុះធ្វើការឆែកឆេរអាវុធ ជាតិផ្ទុះ ច្បាប់ចរាចរណ៍ផ្លូវគោក គ្រឿងស្រវឹង ដើម្បីពង្រឹង និងកាត់បន្ថយ អសន្តិសុខនៅមូលដ្ឋាន លោកអភិបាលក៏បានលើកឡើងបន្ថែមទៀតដែរថា៖ត្រូវចុះធ្វើ រដ្ឋបាលចំហរនៅក្រប់មូលដ្ឋានដើម្បីងាយស្រួលក្នុងការក្ដាប់មុខសញ្ញា និងគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋបានត្រឹមត្រូវ ចំពោះប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់ត្រូវស្រង់ស្ថិតិ ឲ្យបានច្បាស់ផ្ញើមកកាន់សាលាខណ្ឌដើម្បី ស្វែងរកសប្បុរសជនចូលរួមដោះស្រាយជុនពយកគាត់ឲ្យបានទាន់ពេលវេលា៕