ប្រឡាយ ទួល​ពង្រ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​ក្រុមហ៊ុន បុរី​ពិភពថ្មី​ចំការ​ដូង ឈូស​លុប ដើម្បី​សាងសង់​បុរី

08-May-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖ ​ប្រជាពលរដ្ឋ​មួយរូប​បាន​ផ្ញើ​រូបភាព របាយការណ៍ ដែល​បង្ហាញ​អំពី ប្រឡាយ ទួល​ពង្រ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដែលជា​ប្រឡាយ​សម្រាប់​រំដោះ​ទឹកស្អុយ​ពី​ក្រុងភ្នំពេញ​មក​ភ្ជាប់​ជាមួយនឹង​ប្រឡាយ បឹង​ហារ ត្រូវបាន​ក្រុមហ៊ុន​បុរី​ចំការ​ដូង ឃុបឃិត​ជាមួយនឹង​អាជ្ញាធរ​ជីក​លុប​សម្រាប់​សាងសង់​បុរី​លក់​យ៉ាង​រំភើយ​។

​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​សែន​សុខ និង​ខណ្ឌដង្កោ មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​នៅពេល​ឃើញ​ក្រុមហ៊ុន​បុរី​ចំការ​ដូង​នេះ បាន​ចាក់​លុប​ប្រឡាយ ទួល​ពង្រ ដែល​ធ្វើ​ឲ្យ​ខណ្ឌ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​អាច​នឹង​ប្រឈម​ក្នុងការ​លិចលង់​នៅ​រដូវវស្សា​នា​ឆ្នាំក្រោយ​ពីព្រោះ​ប្រឡាយ ទួល​ពង្រ នេះ ជា​មេ​ប្រឡាយ​ដ៏​ធំ មាន​ប្រវែង​រាប់សិប​គីឡូម៉ែត្រ ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ ៣ មក​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ និង​ឆ្លងកាត់​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​សែន​សុខ ខណ្ឌដង្កោ រំដោះ​ទឹកភ្លៀង ទឹកលូ មកចាក់​នៅក្នុង​ប្រឡាយ​បឹង​ប្រហារ​នេះ តើ​ការ​លុប​ប្រឡាយ​ទួល​ពង្រ​នេះ មានបាន​សិក្សា​ពី​ផលប៉ះពាល់​ការរំដោះ​ទឹក​ចេញពី​ទីក្រុង​ភ្នំពេញ​ហើយ​ឬ​នៅ​?

​តាម​ការដឹងឮ​ពី​អ្នកម៉ៅការ​ជីក​លុប​ប្រឡាយ​ទួល​ពង្រ​នេះ​បាន​ឲ្យ​ដឹងថា ការជីក​លុប​បឹង​ប្រឡាយ​នេះ សុទ្ធតែ​មានការ​ឯកភាព​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ហើយ​គ្រាន់តែ​រយៈពេល​មួយថ្ងៃ​សោះ ការជីក​លុប​នេះ បាន​ប្រវែង​ជាង ១​ពាន់​ម៉ែត្រ​ទៅហើយ តើ​អាជ្ញាធរ​រាជធានី ត្រូវមាន​វិធានការ​យ៉ាងម៉េច ប្រសិនបើ​គ្មាន​ប្រឡាយ​រំដោះ​ទឹក​ចេញពី​រាជធានី​ក្នុង​រដូវវស្សា​នោះ​?​។

​ប្រភព​៖CNC

ចំនួនអ្នកទស្សនា

    20219217

  • ថ្ងៃនេះ1271
  • ម្សិលមិញ7271
  • សប្តាហ៍នេះ20741
  • ខែនេះ8551
  • ឆ្នាំនេះ991771
  • សរុប20219217