ភ្នំពេញ៖ អភិបាលរងរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានថ្លែងប្រាប់ ឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែឧសភា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមន្ត្រីសង្គមស៊ីវិល ៣នាក់ ពេលពួកគេបានធ្វើយុទ្ធនាការស្លៀកពាក់ខ្មៅ ដង្ហែក្បួនទៅកាន់ពន្ធនាគារព្រៃស ក្នុងបំណងទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក ៤នាក់ និងមន្ត្រី គ.ជ.ប ម្នាក់ ដែលត្រូវបានតុលាការសម្រេចឃុំខ្លួន ក្នុងសំណុំរឿងអាស្រូវស្នេហ៍របស់លោក កឹម សុខា និងស្រីមុំ កាលពីពេលកន្លងទៅនោះ។
យោងតាមប្រភពព័ត៌មានបឋមបានឲ្យដឹងថា មន្ត្រីសង្គមស៊ីវិល ដែលឃាត់ខ្លួននោះរួមមាន លោក អ៊ី សារ៉ុម នាយកអង្គកា STT និង លោក ថាវ គឹមសាន នាយករងលីការដូ ដោយឡែកស្ត្រីម្នាក់ទៀត មិនទាន់មានការបញ្ជាក់អត្តសញ្ញាណនៅឡើយទេ។
ក្រៅពីការឃាត់ខ្លួនមន្ត្រីសង្គមស៊ីវិលទាំង ៣នាក់នេះហើយ សមត្ថកិច្ច និងអាជ្ញាធរខណ្ឌដង្កោ ក៏បានរារាំងដំណើររបស់សកម្មជនបឹងកក់ផងដែរ ពេលពួកគេនាំគ្នាស្លៀកពាក់ឈុតខ្មៅ ដើរក្បួនសំដៅទៅពន្ធនាគារព្រៃសនោះ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តមឃួង ស្រេង។
សូមបញ្ជាក់ថា ក្រុមអង្គការសង្គមស៊ីវិល បន្ទាប់ពីបានចូលជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតអាមេរិក លោក វីលៀម ហើស កាលពីថ្ងៃទី០៤ ខែឧសភា រួចហើយនោះ បានប្រកាស និងអំពាវនាវដល់មន្ត្រីអង្គការសង្គមស៊ីវិលទាំងអស់ ធ្វើសកម្មភាព និងយុទ្ធនាការស្លៀកពាក់ខ្មៅចាប់ពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦នេះតទៅ ដើម្បីទាមទារឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក ៤នាក់ និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតម្នាក់ ដែលត្រូវបានតុលាការសម្រេចឃុំខ្លួន ដោយចោទប្រកាន់ពីសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី ក្នុងសំណុំរឿងអាស្រូវស្នេហ៍រវាងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងស្រីមុំ។
នៅថ្ងៃទី០៨ ខែឧសភា ម្សិលមិញនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានចាត់វិធានការរាល់សកម្មភាព និងការធ្វើយុទ្ធនាការស្លៀកពាក់ខ្មៅនេះ ដើម្បីរក្សាសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងពង្រឹងនីតិរដ្ឋ របស់ជាតិទាំងមូល។ សម្តេចក្រឡាហោម ស ខេង បានណែនាំដល់ដល់អភិបាលរាជធានី និងខេត្ត ពាក់ព័ន្ធ ឲ្យចាត់វិធានការម៉ឹងម៉ាត់ និងទប់ស្កាត់សកម្មភាពទាំងអស់នេះ ដើម្បីរក្សា និងទប់ស្កាត់ចលនាញុះញង់នេះ ដែលអាចនាំឲ្យមានភាពចលាចល វឹកវរក្នុងសង្គម៕