ភ្នំពេញ៖ គិតត្រឹមម៉ោងប្រមាណជិត១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦នេះ ការឃាត់ខ្លួនអ្នកចូលរួមធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដោយក្នុងនោះមានជនបរទេស២នាក់ដែរ ដែលសមត្ថកិច្ចទើបនឹងហៅទៅសួរនាំ នៅប៉ុន្មាននាទីមុននេះ។
ភ្នាក់ងារ សមត្ថកិច្ចដែលកំពុងប្រចាំការ នៅមុខអធិការដ្ឋានខណ្ឌដង្កោ បានរាយការណ៍ថា ជនបរទេស២នាក់ខាងលើ មិនទាន់ត្រូវបានគេដឹងអត្តសញ្ញាណច្បាស់លាស់នៅឡើយទេ ប៉ុន្តែពួកគេបានចូលទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដោយមានមេធាវីម្នាក់អមទៅជាមួយដែរ។ អ្នកពាក់ព័ន្ធនឹងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅទាំងនេះ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសួរនាំ បន្ទាប់ពីពួកគេបានស្លៀកពាក់ខ្មៅ ដូចការប្រកាស ហើយទាមទារឱ្យដោះលែង មន្ត្រីសិទ្ធិមនុស្សអាដហុក ៤នាក់ និងអគ្គលេខាធិការរងគ.ជ.បម្នាក់ ដែលត្រូវបាន ACU ឃាត់ខ្លួនក្រោមការចោទប្រកាន់សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី។
កាលពីម្សិលមិញនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានចាត់វិធានការរាល់សកម្មភាព និងការធ្វើយុទ្ធនាការស្លៀកពាក់ខ្មៅនេះ ដើម្បីរក្សាសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងពង្រឹងនីតិរដ្ឋ របស់ជាតិទាំងមូល។ សម្តេចក្រឡាហោម ស ខេង បានណែនាំដល់ដល់អភិបាលរាជធានី និងខេត្ត ពាក់ព័ន្ធ ឲ្យចាត់វិធានការម៉ឹងម៉ាត់ និងទប់ស្កាត់សកម្មភាពទាំងអស់នេះ ដើម្បីរក្សា និងទប់ស្កាត់ចលនាញុះញង់នេះ ដែលអាចនាំឲ្យមានភាពចលាចល វឹកវរក្នុងសង្គម។
ការដាក់ចេញវិធានការរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងបន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិល មួយចំនួន បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅកម្ពុជា ចូលរួមធ្វើយុទ្ធនាការស្លៀកពាក់ខ្មៅ នៅរៀងរាល់ថ្ងៃចន្ទ ដើម្បីទាមទារឱ្យសមត្ថកិច្ច ដោះលែងមន្ត្រីសង្គមស៊ីវិល ប៉ុន្តែរដ្ឋាភិបាលបានចាត់ទុកថា សកម្មភាពនេះ មានចរឹតដូចទៅនឹងការរៀបចំធ្វើបដិវត្តពណ៌៕