​លោកស្រី មិថុនា ភូ​ថង ត្រូវបានតែងតាំង​ជា​អភិបាលរង ខេត្តកោះកុង​

09-May-2016 | ដោយ មែន កំសត់




​កោះកុង​៖ នៅ​ព្រឹក​ថ្ងៃទី ៩​ខែ ឧសភា ឆ្នាំ ២០១៦ នេះ ឯកឧត្តម​សក់ សេដ្ឋា រដ្ឋលេខា ធិ​ការ​ក្រសួងមហាផ្ទៃ​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អញ្ជើញ​ធ្វើជា​អធិបតី នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង អភិបាលរង​ខេត្តកោះកុង នៅ​សាល​មហោស្រព​ខេត្តកោះកុង​។

​លោកស្រី មិថុនា ភូ​ថង ត្រូវជា​កូន​ឯកឧត្តម​យុទ្ធ​ភូ​ថង​អតីត​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​និង​ជា​ប្រធាន​សហភាព សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកោះកុង​ត្រូវបានតែងតាំង​ជា​អភិបាលរង ខេត្តកោះកុង​ជំនួស​លោកជំទាវ អេង គឹម​នាង​ដែល​ត្រូវ​ចូលនិវត្តន៍​។

 នា​ឪ​កាស​នោះ​ឯកឧត្តម ប៊ុន លើ​ត បាន​មានប្រសាសន៍ថា ការតែងតាំង​អភិបាលខេត្ត​កោះកុង​នាពេលនេះ​មិនមែនជា​ការដកតំណែង​មន្ត្រី នរណាម្នាក់​ទេ គឺ​ដោយសារ​តែមាន​មន្ត្រី​ដែល​ត្រូវ​ចូល​និវត្ត​តាម​ការកំណត់​របស់​ច្បាប់ ដូច្នេះ​ត្រូវតែមាន​ការតែងតាំង​មន្ត្រី​មក​ចូល​ជំនួស​តំណែង​នេះ​។​

 ឯកឧត្តម​អភិបាលខេត្ត​បាន​បន្តថា តាមរយៈ​ការតែងតាំង​អភិបាល​ថ្មី​នេះ​លោក​ជឿជាក់ថា​អភិបាលរង​ខេត្ត​ដែល​ទើប ទទួល​តំណែង​ថ្មី​ពិតជា​អាច​ចូលរួម​បន្ត​នូវ​ការដឹកនាំ​គ្រប់ គ្រង​រដ្ឋបាលខេត្ត​ឲ្យ​សម្រេចបាន​លទ្ធផល​ល្អប្រសើរ​ហើយ​សង្ឃឹម​យ៉ាង​មុតមាំ ថា​ការចូល​កាន់តំណែង​រប​ស់លោក​ជំទាវ​មិថុនា ភូ​ថង​ពិតជា​បាន​នាំយក​នូវ​បទពិសោធន៍​និង​គំនិត​ច្នៃប្រឌិត​ថ្មីៗ​បន្ថែមទៀត ដោយ​បន្ត​ប្រពៃណី​ដឹកនាំ​ល្អ សាមគ្គីភាព​ទូលំទូលាយ ទំនាក់ទំនង​ល្អ​បន្ត​អនុវត្ត​គ្រប់​កិច្ចការរដ្ឋបាល​និង​សមត្ថកិច្ច​ជំនាញ ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​សំដៅ​បង្កើន​ប្រសិទ្ធភាព​ការងារ រដ្ឋបាល​ដែនដី​ក្នុង​បុព្វហេតុ​បម្រើ​ដល់​ការគ្រប់គ្រង​រដ្ឋបាល តាម​គោលការណ៍​នៃ​រដ្ឋបាល​ឯកភាព​ដើម្បី​បង្កើត​ជំរុញ​និង​ឲ្យ​មាន​ចីរភាព ដល់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​តាមរយៈ​នយោបាយ​វិមជ្ឈការ​និង វិសហមជ្ឈការ​ស្របតាម​ការកំណត់​នៃ​ច្បាប់​ស្តីពី​ការ​គ្រប់ គ្រង​រដ្ឋបាល​រាជធានី​.​ខេត្ត ក្រុង ស្រុក ខណ្ឌ​និង​លិខិតបទដ្ឋាន​នានា​ជា​ធរមាន​។​

​ដោយឡែក​លោកជំទាវ មិថុនា ភូ​ថង​ដែល​ទើប​តែងតាំង​ជា​អភិបាលរង​ខេត្ត បាន​ឡើង​ប្តេជ្ញាចិត្ត​ថា​ខិ​តំ​យកចិត្តទុកដាក់​បំពេញ​ការងារ​ប្រកបដោយ ការទទួលខុសត្រូវ​ដោយ​អនុវត្ត​តាមច្បាប់ ព្រះរាជកិច្ច សេចក្តីណែនាំ គោលនយោបាយ​និង​លិខិតបទដ្ឋាន​គតិយុត្តិ​នានា​ឲ្យ​បានល្អ​ប្រសើរ​។ ខិតខំ​អនុវត្ត​ការងារ​ឲ្យ​បានល្អ​តាម​ការបែងចែក​តួនាទី ភារកិច្ច​និង​របៀបរបប​ធ្វើ​ការងារ​របស់​គណៈ​អភិបាលខេត្ត​ជាមួយគ្នា​នោះ ខិតខំ​លើកកម្ពស់​ស្មារតី​សាមគ្គីភាព​និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ជួរ មន្ត្រីរាជការ​និង​ជាមួយ​មន្ទីរ​អង្គភាព​នានា​ដើម្បី​លើកកម្ពស់​ការអនុវត្ត ការងារ​និង​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​។​

​នាឱកាស​នោះ​ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​កោតសរសើរ​និង​ទទួលស្គាល់​នូវ​សមិទ្ធផល​និង ការអភិវឌ្ឍន៍​របស់​ខេត្ត​ទាំងមូល​។ ជាមួយគ្នា​នោះ​ឯកឧត្តម សក់ សេដ្ឋា បាន​សំណូមពរ​អភិបាលខេត្ត​និង​អភិបាលរង​ខេត្ត​ដែល​ទើប​ចូលកាន់​តំណែង ព្រមទាំង​មន្ត្រី​បុគ្គលិក​សាលាខេត្ត​ទាំងអស់​បន្ត​រួម​សាមគ្គី​គ្នា​ល្អ ដើម្បី​បន្ត​អភិឌ្ឍន៍​ខេត្ត​មួយ​នេះ​កាន់តែ​រីកចម្រើន​ឡើង​ថែមទៀត​។​

 លោក​បាន​មានប្រសាសន៍ថា ការតែងតាំង​អភិបាលរង​នៅពេលនេះ​គឺជា​កូតា​ស្ត្រី​គឺ​បាន​ឆ្លើយតប​ទៅនឹង តម្រូវការ​របស់រប​ស់រាជ​រដ្ឋាភិបាល​ដែល​តម្រូវ​ឲ្យ​មាន​ស្ត្រី​យ៉ាងហោចណាស់ មួយរូប​នៅក្នុង​ជួរ​ថ្នាក់ដឹកនាំ​។ ​ជាមួយគ្នា​នោះ​មួយរយៈ​ចុងក្រោយ នេះ​គឺ​សង្កេតឃើញថា​គោលនយោបាយ​លើកកម្ពស់​សមភាព​និង​សមធម៌​យេនឌ័រ​ដែល​ធានា ផ្តល់​អំណាច​ដល់​ស្ត្រី​នៅក្នុង​ការធ្វើ​ការសម្រេច​ចិត្ត​ផ្នែក​នយោបាយ មានការ​អភិវឌ្ឍន៍​រីកចម្រើន​ជា​បន្តបន្ទាប់​៕

ចំនួនអ្នកទស្សនា

    20218997

  • ថ្ងៃនេះ1051
  • ម្សិលមិញ7271
  • សប្តាហ៍នេះ20521
  • ខែនេះ8331
  • ឆ្នាំនេះ991551
  • សរុប20218997