រតនគិរី៖ មន្ត្រីមន្ទីរពេទ្យបង្អែកខេត្តរតនគិរីពីរនាក់ត្រូវបានដកចេញពី តំណែងបន្ទាប់ពីខកខានមិនបានបើកប្រាក់បេសកកម្មជាង ១០០ លានរៀលឲ្យមន្ត្រីសុខាភិបាលជាង ៣០ នាក់តាំងពីឆ្នាំ ២០១៥ មក។
ប្រធានផ្នែករដ្ឋបាលនៃមន្ទីរពេទ្យបង្អែកខេត្តរតនគិរីឈ្មោះ បូរ៉ា និងប្រធានគណនេយ្យលោក គិន ពិសី ត្រូវបានដកចេញពីតំណែងបន្ទាប់ពីក្រុមអធិការកិច្ចរបស់ក្រសួង សុខាភិបាលបានរកឃើញកាលពីសប្តាហ៍មុនពីកំហុសពួកគេរឿងមិនបានបើក ប្រាក់បេសកកម្មឲ្យបុគ្គលិកអស់រយៈពេលប្រមាណជា ១ ឆ្នាំ។ នេះបើយោងតាមលោក ហ៊ីង ផានសុគន្ធា ប្រធានមន្ទីរបង្អែកពេទ្យខេត្ត និងលោក អ៊ុង រតនា ជាប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរីដែលចូលរួមក្នុងការធ្វើ អធិការកិច្ចរយៈពេលបីថ្ងៃនោះ។
លោក អ៊ុង រតនា បានបញ្ជាក់ថា៖ «យើងបានដោះស្រាយជាមួយនឹងបុគ្គលិកបញ្ចប់ហើយ។ អ្នកដែលពាក់ព័ន្ធគឺបានផ្លាស់ប្តូរចេញអស់ហើយ»។
លោក រតនា បានអះអាងថាករណីនេះគឺមិនជាប់ពាក់ព័ន្ធទៅនឹងអំពើពុករលួយនោះទេ។ ប៉ុន្តែវាកើតឡើងដោយសារតែខ្វះសាច់ប្រាក់ដើម្បីបើកឲ្យមន្ត្រីដែល បំពេញបេសកកម្ម និងមិនបានធ្វើរបាយការណ៍ឲ្យមន្ទីរសុខាភិបាលបានដឹងពីបញ្ហានេះ។ លោកថាទឹកប្រាក់ដែលមិនបើកសរុបមានចំនួន ១០២ លានរៀល។ ក្នុងនោះទឹកប្រាក់ចំនួន ៤៩ លានរៀលត្រូវបានបុគ្គលិកដែលមានបេសកកម្មខ្ចីមុនហើយ។
លោក រតនា ថ្លែងថា៖ «ការគ្រប់គ្រងមានចន្លោះប្រហោង។ វាខ្វះសាច់ប្រាក់ហើយហ្នឹងអត់ចេះនីតីវិធីនៃការចំណាយ។ បើយើងអត់ចេះពិនិត្យមើលពីការចំណូលចំណាយទេវាអាចរលំ។ គាត់អត់បានគិតថាអាណាជាអាទិភាព អាណាមិនជាអាទិភាពតែប៉ុណ្ណឹង»។
លោក ហ៊ីង ផានសុគន្ធា បានឲ្យដឹងថាប្រាក់បេសកកម្មទាំងនោះត្រូវបានបើកឲ្យបុគ្គលកាលពី ថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្តាហ៍មុនហើយបញ្ហានោះក៏បានចប់អស់ហើយដែរ។លោកថា៖ «បុគ្គលិកប្រហែលជា ៦ នាក់មិនបានយកក្រដាសបេសកកម្មឲ្យគេទូទាត់។ គាត់ទុកចោលខ្លួនគាត់។ រឿងនេះត្រូវសម្របសម្រួលបញ្ចប់អស់ហើយ។ សង្ឃឹមថាវានឹងដំណើរល្អឡើងវិញ»។
បុគ្គលិកពេទ្យម្នាក់អាយុ ៣៣ ឆ្នាំបានប្រាប់ភ្នំពេញប៉ុស្តិ៍ដោយស្នើសុំមិនបញ្ចេញឈ្មោះកាលពី ម្សិលមិញថាមន្ត្រីម្នាក់ទទួលបានប្រាក់បន្ថែមប្រមាណជា ១៩ ម៉ឺនរៀលពេលបំពេញបេសកកម្មបញ្ជូនអ្នកជំងឺទៅព្យាបាលបន្តនៅក្រៅ ប្រទេស ឬទៅភ្នំពេញ។ ប៉ុន្តែពួកគាត់មិនទាន់ទទួលបានប្រាក់នោះភ្លាមនោះទេគឺខាង មន្ទីរពេទ្យបង្អែកបើកឲ្យខ្ចីបានប្រហែលជាពាក់កណ្តាលប៉ុណ្ណោះដើម្បី យកទៅចាយជាមុនសិន។ បុគ្គលិកម្នាក់នេះបានអះអាងថាលោក និងអ្នករួមការងារផ្សេងទៀតជាច្រើនអត់បានទទួលបានប្រាក់ដែលនៅ សល់នោះទេទាល់តែបែករឿងនោះកាលពីសប្តាហ៍មុន និងមានក្រុមអធិការកិច្ចចុះទៅ។
លោកថា៖ «ប្រហែលជា ១២ ខែហើយយើងមិនបានបើកលុយនោះទេ។ ចំពោះខ្ញុំបើកអស់ហើយគឺបានជាង ៤ លានរៀលដែរ»។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាបានយល់ឃើញថាករណីនេះវា ជាប់ពាក់ព័ន្ធទៅនឹងអំពើពុករលួយប្រសិនបើប្រាក់បេសកកម្មនោះត្រូវ បានគេយកទៅប្រើប្រាស់ដើម្បីផលប្រយោជន៍បុគ្គលដោយមិនបានបើកឲ្យ មន្ត្រីសុខាភិបាលតាមពេលកំណត់។
ការបែកធ្លាយការមិនបើកលុយបេសកកម្មនេះបានកើតមានឡើងបន្ទាប់ពី មានការលួចលក់ថ្នាំឱសថរបស់មន្ទីរពេទ្យបង្អែក។ មនុស្សពីរនាក់ដែលជាអ្នកយាមឃ្លាំងឱសថម្នាក់ និងប្តីរបស់ប្រធានឃ្លាំងឱសថម្នាក់ត្រូវបានចាប់ខ្លួន។
លោក សួស ឡា ប្រធានតុលាការខេត្តរតនគិរីបានឲ្យដឹងកាលពីម្សិលមិញថាមនុស្សទាំង ពីរនាក់នោះត្រូវបានឃុំខ្លួននៅពន្ធនាគារបណ្តោះអាសន្នរួចហើយ ពាក់ព័ន្ធនឹងការលួចលក់ថ្នាំនោះ៕