ភ្នំពេញ៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានដាក់លោកឧកញ៉ា ឡោក ហួរ ចូលក្នុងបញ្ជីខ្មៅរបស់ក្រសួងដោយរារាំងមិនឲ្យធ្វើចរន្តកម្ម លក់ ឬផ្ទេរកម្មសិទ្ធិទៅអ្នកផ្សេងនៅលើដីមានជម្លោះដែលគាត់កាន់ កាប់។ នេះបើតាមការបញ្ជាក់របស់លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។
ការដាក់ក្នុងបញ្ជីខ្មៅនេះធ្វើឡើងក្រោយពេលឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលទើបតែចូលកាន់តំណែងនេះកាលពីពេលថ្មីៗបានបង្ហើបឲ្យ ដឹងកាលពីថ្ងៃសុក្រសប្តាហ៍មុនថាលោកនឹងដាក់ក្នុងបញ្ជីខ្មៅចំពោះ បុគ្គលណាដែលតែងមានបញ្ហាដីធ្លីជាមួយពលរដ្ឋ។
ឯកឧត្តមរដ្ឋមន្ត្រីបានចែករំលែកនៅលើហ្វេសប៊ុករបស់ឯកឧត្តមថា៖ «ខ្ញុំនឹងដាក់បញ្ចូលក្នុងបញ្ជីខ្មៅសម្រាប់ការស្នើចុះបញ្ជី ឬផ្ទេរកម្មសិទ្ធិដីធ្លី និងរាយការណ៍ជូនសម្តេចរាល់បុគ្គលណាដែលតែងតែមានករណីរំលោភយកដី របស់ប្រជាពលរដ្ឋទោះឋានៈធំប៉ុនណាក៏ដោយ»។
ការប្រកាសដូច្នេះទទួលបានការគាំទ្រជាច្រើនពីសាធារណជនដែលមាន អ្នកចែករំលែកបន្តជាង ៣ ពាន់ដង និងមានអ្នកបញ្ចេញមតិយោបល់ជាង ២០០ ។លោក សេង ឡូត បានបញ្ជាក់ថាតាមទិន្នន័យបឋមលោកឧកញ៉ា ឡោក ហួរ មានទំនាស់ដីធ្លីចំនួនប្រាំកន្លែងទាំងនៅក្នុងក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្តនានា។
លោកបញ្ជាក់ថា៖ «រហូតមកទល់ពេលនេះមានតែឯកឧត្តម ឡោក ហួរ ម្នាក់ទេ។ គាត់មានទំនាស់ជាមួយប្រជាពលរដ្ឋវាច្រើន។ អ៊ីចឹងឯកឧត្តមលោកចាត់ចូលបញ្ជីខ្មៅដោយសារចេះតែប៉ះជាមួយ ប្រជាពលរដ្ឋរហូតអ៊ីចឹង»។
លោក ឡាត់ គី ប្រធានផ្នែកដីធ្លីនៃសមាគមការពារសិទ្ធិមនុស្សអាដហុកបានសាទរចំពោះ ចំណាត់ការរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចំពោះការដាក់ក្នុងបញ្ជីខ្មៅនេះ។ លោកចាត់ទុកថានេះជាសារព្រមានដល់អ្នកដែលតែងតែរំលោភដីធ្លី ប្រជាពលរដ្ឋ។
លោក ឡាត់ គី បានថ្លែងថា៖ «វាជាការល្អមួយហើយគួរតែមានការបញ្ចេញឲ្យសាធារណជនបានដឹងថា បុគ្គលណាមួយមានជាប់ពាក់ព័ន្ធក្នុងជម្លោះដីធ្លីនៅក្នុងប្រទេស កម្ពុជា។ ដូច្នេះការចែករំលែកព័ត៌មានដល់ប្រជាពលរដ្ឋឲ្យបានដឹងបុគ្គលទាំង នោះកាន់តែប្រសើរបន្ថែមលើគ្រាន់តែដាក់ក្រុមហ៊ុននោះក្នុងបញ្ជី ខ្មៅ»។
លោក សេង ឡូត បានបញ្ជាក់ថាក្រៅពីការដាក់ក្នុងបញ្ជីខ្មៅនូវក្រុមហ៊ុន និងបុគ្គលខិលខូចក្រសួងក៏កំពុងបង្កើតគណៈកម្មការដោះស្រាយ និងទប់ស្កាត់ទំនាស់ដីធ្លី និងទទួលពាក្យបណ្តឹងក៏ដូចជាក្រុមចុះតាមមូលដ្ឋានដើម្បីសិក្សារក ដំណោះស្រាយដែលជាការពន្លឿនការចុះបញ្ជីដីធ្លីដើម្បីចៀសវាងជម្លោះ ដីធ្លីនៅថ្ងៃខាងមុខ។ទោះជាយ៉ាងណាលោក ឡោក ហួរ ដែលមានឈ្មោះក្នុងបញ្ជីខ្មៅនោះមិនអាចសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ៕