នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន​៖ មន្ត្រីនគរបាល ដែល​ក្លែង​ឯកសារ​ខុសច្បាប់ ត្រូវ​បកសក្តិ និង​បញ្ជូនទៅ​តុលាការ

10-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានប្រកាស​ចាត់វិធានកា​រ​ចំពោះ មន្ត្រីនគរបាល​រូប​ណា ដែល​ហ៊ាន​ក្លែង​ឯកសារ​ខុសច្បាប់ ដូចជា សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់ និង​អត្តសញ្ញាណប័ណ្ណ ត្រូវ​ទទួលទោស​តាមច្បាប់ ដោយ​មិនមាន​ការលើកលែង​ឡើយ​។​
​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ថ្លែង​ដូចនេះ នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ ០០៩​ស​ណន របស់​ក្រសួងមហាផ្ទៃ ស្តីពី​វិធានការ​គ្រប់គ្រង និង​បែងចែក​ប្រាក់ចំណូល​ពី​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើ​សនឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី នៅ​ព្រឹក​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦​នេះ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែងថា «​នៅ​រាជធានី​ភ្នំពេញ​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ មាន​អនុប្រធាន​ប៉ុស្តិ៍​មួយរូប នៅ​ខណ្ឌមានជ័យ បាន​ទៅធ្វើ​ត្រា​មូល និង​ត្រា​ឈ្មោះ​អធិការ​ក្លែងក្លាយ ទៅធ្វើ​សៀវភៅ​គ្រួសារ យកលុយ​៨០​ដុល្លារ ។ ការ​ហ៊ាន​ធ្វើ​ក្លែងក្លាយ​បែបនេះ​គឺជា បទល្មើស​ពេញទី ដូច្នេះ​ត្រូវ​បញ្ជូនទៅ​តុលាការ គ្មាន​ការយោគយល់​អ្វី​នោះទេ​»​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បានបញ្ជាក់​ថា​វា​ជា​បញ្ហា​ធ្ងន់ធ្ងរ បើ​នគរបាល​ចូលរួម​ជាមួយ​ក្រុមចោរ ចូលរួម​លក់​គ្រឿងញៀន ដូច្នេះ​មិនមាន​ការអប់រំ​អ្វី​ទេ គឺ​មានតែ​បញ្ជូនទៅ​តុលាការ​ដាក់គុក​តែម្តង​។​
​ក្នុងឱកាស​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​បញ្ជា​ឲ្យ​ស្នងការ​រាជធានី ខេត្ត​ទាំង​២៥ រួមទាំង​កម្លាំង​ថ្នាក់ជាតិ​ទាំងអស់ ត្រូវខិតខំ​ប្រឹងប្រែងរ​ក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ជំរុញ​ការរក្សាសន្តិសុខ​ជាតិ បទល្មើស​គ្រប់​ប្រភេទ ទាំង​បទល្មើស​ព្រហ្មទណ្ឌ បទល្មើស​ជួញដូរ បទល្មើស​គ្រឿ​ញៀន និង​រក្សា​សណ្តាប់ធ្នាប់​ទូទៅ​។ នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​បញ្ជាក់ថា គ្រប់​ការងារ​បទល្មើស និង​ការងារ​ចរាចរណ៍​ផ្លូវគោក ស្នងការ​រាជធានី​-​ខេត្ត ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ​៕

ចំនួនអ្នកទស្សនា

    20219227

  • ថ្ងៃនេះ1281
  • ម្សិលមិញ7271
  • សប្តាហ៍នេះ20751
  • ខែនេះ8561
  • ឆ្នាំនេះ991781
  • សរុប20219227