កំពង់ចាម៖ នៅព្រឹកថ្ងៃទី១០ខែឧសភា ឆ្នាំ២០១៦ រដ្ឋបាលស្រុកកោះសូទិន បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រួតពិនិត្យគ្រឿងញៀនប្រចាំឆ្នាំ២០១៥និងទិសដៅឆ្នាំ២០១៦ ក្រោមអធិបតីភាពលោក ផេន សុផល អភិបាលស្រុក កោះសូទិន និង លោកវរៈសេនីយ៍ ឯក សោម រស់ គណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀននៃស្នងការខេត្តកំពង់ចាមហើយកិច្ចប្រជុំនេះសមាសភាពចូលរួមមានពី លោកអភិបាលរងស្រុក កងកម្លាំងបី លោក លោកស្រីប្រធានការិយាល័យជុំវិញស្រុក លោកមេឃុំ នាយប៉ុស្តិ៍រដ្ឋបាលឃុំទាំង៨ ។
មានមតិថ្លែងទៅកាន់អង្គប្រជុំ លោក ផេន សុផល អភិបាលស្រុក កោះសូទិន បានស្នើដល់ក្រុមការងារគ្រប់អង្គភាពត្រូវបន្តសហការក្នុងការត្រួតពិនិត្យតាមដាន និងទប់ស្កាត់ ការប្រើប្រាស់សារធាតុញៀន និងចូលរួមការប្រជុំផ្សព្វផ្សាយ នៅតាមគោលដៅ ដូចជា សាលារៀន វត្តអារាម ហើយតាមដានសហការជាមួយមេភូមិ គ្រប់គ្រងស្ថិតិលើមុខសញ្ញាឲ្យបានច្បាស់ លាស់កុំឲ្យវារីកដុះដាល ធំឡើង ពិសេស អ្នកមកស្នាក់នៅ ទើបមកពីប្រទេសថៃភាគច្រើនតែងតែនាំនូវ សារធាតុទាំងនោះមកជាមួយ ហើយយកមក ចែកចាយតាមបណ្ដាភូមិ សមត្កិច្ច និងក្រុមប្រឹក្សាឃុំក្នុងនាមគណៈកម្មាធិការ ទប់ស្កាត់គ្រឿងញៀនថ្នាក់ឃុំ ត្រូវតាមដាមសភាពការណ៍ នេះឲ្យបានហ្មត់ចត់ តាមយុទ្ធសាស្ត្រ របស់ប្រមុខរាជរដ្ឋាភិបាល និងស្វែងរក ជនបង្កមកទទួលទោសតាមច្បាប់៕