ភ្នំពេញ៖ នៅរសៀលថ្ងៃទី៩ខែឧសភា ឆ្នាំ២០១៦ ក្រុមប្រឹក្សាសង្កាត់ បានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំខែឧសភារបស់ខ្លួនក្រោមអធិបតីភាព លោកអៀង. សុខឃីម. ប្រធានក្រុមប្រឹក្សាសង្កាត់ អូរឬស្សីទី៤ ហើយកិច្ចប្រជុំវត្តមានចូលរួមពីសមាជិកក្រុមប្រឹក្សាសង្កាត់ មេភូមិ នាយប៉ុស្តិ៍ ប្រធានមណ្ឌលសុខភាព និងមាន តំណាងមហាជនចូលរួម សរុប២៩ ស្រី. ១៣នាក់។
ក្រោយពីស្ដាប់របាយការណ៍របស់ រដ្ឋបាលសង្កាត់ ជុំវិញបញ្ហាប្រឈមនិងតម្រូវការចាំបាច់លោកអៀង. សុខឃីម. ប្រធានក្រុមប្រឹក្សាសង្កាត់ អូរឬស្សីទី៤ បានមានមតិ និងដាក់ផែនការជូនដល់បណ្ដាអង្គភាពដើម្បីអនុវត្តន៍បន្ត គឺត្រូវយកចិត្តទុកដាក់លើការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបម្រើសេវា សាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ការយកចិត្តទុកដាក់កិច្ចអភិវឌ្ឍន៍ ការចុះជួយសង្គ្រោះប្រជាពលរដ្ឋ ពិសេសអ្នកដែលរងគ្រោះកង្វះខាតទឹកប្រើប្រាស់ ចូលរួម សហការលើ ការតាមដានត្រួតពិនិត្យ និង ក្ដាប់ឲ្យបាននូវរាល់ស្ថិតិ ប្រព័ន្ធធារាសាស្ត្រ ហើយបើមានទីតាំងណាជួបគ្រោះ រាំងស្ងួត ត្រូវស្នើសុំអន្តរាគមន៍ ដោះស្រាយស្ដារឡើងវិញ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ លោកប្រធានក៏បានបន្តទៀតផងដែរថា៖រដ្ឋបាលសង្កាត់ និងប៉ុស្តិ៍ត្រូវមានផែន ការចុះប្រជុំផ្សព្វផ្សាយឲ្យបានទូលាយនូវគោលការណ៍ច្បាប់ ពិសេស គ្រោះថ្នាក់ចរាចរណ៍ ការងាររដ្ឋបាលលិខិតស្នាមមានសៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណនិងអត្រានុកូលដ្ឋានតាមកម្រៃសេវាច្បាប់ រាល់ចំណុចអសកម្មភាពត្រូវធ្វើការកែតម្រូវ ដើម្បីចូលរួមកិច្ចអភិវឌ្ឍន៍និងកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន៕