ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ម្សិលម៉ិញនេះមានជនអគតិ ក៏ដូចជាបណ្តា Page របស់សារព័ត៌មានដែលគ្មានប្រភព និងវិជ្ជាជីវច្បាស់លាស់មួយចំនួនបានបង្ហោះនូវព័ត៌មានស្តីអំពីការប៉ះទង្គិចគ្នារវាង ប្រធានសន្តិសុខសាលាខណ្ឌសែនសុខជាមួយនឹងបុរសជាអាជីវករលក់ពងទា ហើយការបង្ហោះនេះបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមួយចំនួន ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់បណ្តាញសង្គម facebook មានការយល់ច្រលំ ថារឿងនេះទើបនឹងកើតឡើង និងមានការខឹងសម្បាមកលើអាជ្ញាធខណ្ឌ និងមានបងប្អូនខ្លះប្រើពាក្យពេចន៍មិនសមរម្យថែមទៀតផង ដូចនេះសាលាខណ្ឌសែនសុខសូមធ្វើការបំភ្លឺដូចតទៅ៖ ករណីទំនាស់មួយនេះបានកើតឡើងតាំងពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៤ (កាលពីជាង២ឆ្នាំមុន) រវាងប្រធានសន្តិសុខខណ្ឌសែនសុខ និងបុរសអាជីវករលក់ពងទា នៅចំណុចផ្លូវលេខ២០០២ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយករណីខាងលើនេះក៏ត្រូវបានលោក លី សាវ៉េត ដែលនៅពេលនោះជាអភិបាលខណ្ឌ បានដោះស្រាយចប់សព្វគ្រប់ហើយដែរ។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបជាព័ត៌មាន និងសូមស្នើឲ្យបណ្តា Page សារព័ត៌មាន និងគណនីមួយចំនួនដែលបានបង្ហោះនូវព័ត៌មានទាំងនេះសូមធ្វើការកែតម្រូវ និងលុបចោលជាបន្ទាន់៕