ប្រជាពលរដ្ឋ​ចំនួន​៤៧​គ្រួសារ​ដែល​បាត់បង់​ដី​នៅ​សង្កាត់​ព្រែក​ថ្មី សុំ​ការអន្តរាគមន៍​ពីស​ម្តេច តេ​ជោ ហ៊ុន សែន​

11-May-2016 | ដោយ មែន កំសត់

 

​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ចំនួន​៤៧​គ្រួសារ​រស់នៅ​ក្នុងភូមិ​ព្រែក​ថ្មី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ បាន​លើកដៃ​សំពះ​សុំ​ក្ដីមេត្តា​ពី ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការជួយ​អន្តរាគមន៍​ដល់​ពួកគាត់ ដែល​កំពុង​រងគ្រោះ​ដោយសារ​ក្រុមហ៊ុន​វិនិយោគ​ទីលាន​វាយ​កូន​ហ្គោល​ព្រែក ថ្មី រំលោភ​យក​ទាំង​បំពាន​បើទោះបី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​បានដឹង​ឮថា ជា​ដី​របស់​ប្រជាពលរដ្ឋ​ក៏ដោយ តែ​ក្រុមហ៊ុន​មិន​សហការ​ជាមួយ​អាជ្ញាធរ​ឡើយ​។​

​ប្រជាពលរដ្ឋ​បាន​និយាយថា ពួកគាត់​គឺ​សង្ឃឹម​ជឿជាក់​ថាបើ​រឿងរ៉ាវ​នេះ បានដឹង​ទៅដល់​សម្តេច​តេ​ជោ​ហ៊ុន សែន នោះ សម្តេច​ពិតជា​ផ្តល់​ភាពយុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ជាពុំខាន ព្រោះ​ជានិច្ចកាល​សម្តេច​តែងតែ​ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ពី​សំណាក​អ្នកមានអំណាច​នៅ​ទូទាំងប្រទេស​។​
​ប្រជាពលរដ្ឋ​ទាំង​៤៧​គ្រួ​សារបាន​គោរព​រាយការណ៍​ជូន​សម្តេច​តេ​ជោ​ថា ដី​របស់​ពួកគាត់​ត្រូវបាន​ក្រុមហ៊ុន​វិនិយោគ​ទីលាន​វាយ​កូន​ហ្គោល​រំលោភ​យក  សរុប​មាន​ទំហំ​ជាង​១៦​ហិកតារ​ស្ថិត​ក្នុងភូមិ​ព្រែក​ថ្មី​សង្កាត់​ព្រែក ថ្មី ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា ដីស្រែ​របស់​ពួក​បាន​បង្កបង្កើនផល​តាំងពី​ឆ្នាំ​១៩៨០​មកម្ល៉េះ ដោយមាន​អាជ្ញាធរ​សម័យ​រដ្ឋ​កម្ពុជា​ដឹងឮ​ហើយ​ពួកគាត់​បានធ្វើ​ស្រែ​ជា​រៀង រហូតមក​។ លុះដល់ ឆ្នាំ​២០០៧​ក្រុមហ៊ុន​វិនិយោគ​ទីលាន​វាយ​កូន​ហ្គោល​បាន​ទៅធ្វើ​ការអភិវឌ្ឍ ដោយមាន​អ្នក​កួកជេ​ចុះទៅ​ទិញ​ដី​នៅ​ជុំវិញ​ដី ដែល​ប្រជាពលរដ្ឋ​៤៧​គ្រួសារ​កំពុង​បង្កបង្កើនផល ហើយ​អ្នក​កួកជេ​មិនបាន​មកជួប ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​ឡើយ​។​អ្វីដែល​ប្រជាពលរដ្ឋ​ទាំង​៤៧​គ្រួសារ មានការ​ភ័យខ្លាច និង​នឹក​ដល់​កងទ័ព​ខ្មែរក្រហម​ធ្វើ​មកលើ​ប្រជាពលរដ្ឋ​នា​ថ្ងៃ​១៧ ខែមេសា ឆ្នាំ​១៩៧៥​នោះ គឺ​ក្រុមហ៊ុន​វិនិយោគ​ទីលាន​វាយ​កូន​ហ្គោល​បាន​យក​កម្លាំងប្រដាប់អាវុធ​មក ធ្វើការ​ឡោមព័ទ្ធ​បង្ខិតបង្ខំ​ឲ្យ​ប្រជាពលរដ្ឋ ដែល​រស់នៅ​លើដី​បង្កបង្កើនផល​ឲ្យ​ចាកចេញ​ជាបន្ទាន់​បើ​ចង់​រស់​។​
​ប្រជាពលរដ្ឋ​បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា ពួកគាត់​បាក់ស្បាត​តាំង​ពី​របប​ប៉ុលពត បាន​កាន់អំណាច​កន្លង​ផុត​ទៅ មិនគួរណា​កើតមាន​ក្នុងសម័យ​នេះ​ជា​លើក​ទី​២​សោះ ប៉ុន្តែ​ពួកគាត់​ជឿជាក់ថា​ពុំមែន​មានការ​បញ្ជារ​ពី​ប្រមុខ​រាជរដ្ឋាភិបាល នោះឡើយ​គឺ​ផ្តើមឡើង​ដោយ​ក្រុមហ៊ុន​តែម្តង​។​

​ប្រជាពលរដ្ឋ​ទាំង​៤៧​គ្រួ​សារបាន​រៀបរាប់​ទៀតថា នៅ​ថ្ងៃ ដែល​ក្រុមហ៊ុន​ប្រើ​កម្លាំងប្រដាប់អាវុធ​បណ្ដេញ​ប្រជាពលរដ្ឋ​ទាំង រំលោភបំពាន​នោះ​គឺ​អាជ្ញាធរ​សង្កាត់ និង​ខណ្ឌ​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​ចុះទៅ​សម្របសម្រួល និង​បាន​ស្តាប់​តាម​ការបញ្ជាក់​ពី​ប្រវត្តិ​នៃ​ការកាន់កាប់​នេះដែរ ហើយ​ប្រជាពលរដ្ឋ​មិន​ចង់​ប្រឈមមុខ​នឹង​ការបង្ហូរ​ឈាម ក៏​សុខចិត្ត​ចាកចេញ​លើដី​របស់ខ្លួន​ទាំង​ទឹកភ្នែក​រាប់លាន​ដំណក់ និង​រង់ចាំ​ការដោះស្រាយ​ព្រោះ​ក្រុមហ៊ុន​សន្យាថា​ដោះស្រាយ ប៉ុន្តែ​ក្រុមហ៊ុន​ពុំបាន​រក្សា​សម្ដី​របស់ខ្លួន​ឡើយ​។​

​ទន្ទឹមនឹង​នោះដែរ ក្រុមហ៊ុន​បាន​យក​គ្រឿងចក្រ​មក​ឈូសឆាយ​លើដី​របស់​ពួកគាត់​ដោយបាន​ជីក គាស់​បង្គោល​ព្រំដី​របស់​ពួកគាត់​ថែមទៀត​ផង​។ ដោយសារតែ​ការរំលោភ​បែបនេះ​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​៤៧​គ្រួសារ សូម​សំពះ​សុំ​ក្តីមេត្តា​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​សម្តេច​ផ្តល់​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​ស្លូតត្រង់​ផង​៕

ចំនួនអ្នកទស្សនា

    20219807

  • ថ្ងៃនេះ1861
  • ម្សិលមិញ7271
  • សប្តាហ៍នេះ21331
  • ខែនេះ9141
  • ឆ្នាំនេះ992361
  • សរុប20219807