អភិបាល​ខណ្ឌដង្កោ ដឹកនាំ​មន្ត្រីរាជការ និង​នាំ​ថវិកា​ចូលរួម​បុណ្យសព យុវ​សិស្ស វ៉ុ​ន រដ្ឋា ដែល​ត្រូវគេ​សម្លាប់​យ៉ាង​ឃោ​ឃៅ

12-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ លោក នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ នៅ​រសៀល​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦​នេះ បាន​ដឹកនាំ​មន្ត្រីរាជការ​សាលាខណ្ឌ សង្កាត់ ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ យុវ​សិស្ស វ៉ុ​ន រដ្ឋា សិស្ស​ថ្នាក់​ទី​១២D នៃ​វិទ្យាល័យ​ពងទឹក ដែល​បាន​បានទទួល​មរណភាព​ដោយ​ករណី​ឃាតកម្ម កាលពី​ថ្ងៃទី​១០ ខែឧសភា ម្សិលមិញ​នេះ​។​ក្នុងឱកាស​ចូលរួម​ពិធី​បុណ្យសព នៅ​គេហដ្ឋាន​ស្ថិតក្នុង​ភូមិ​ព្រៃ​កី សង្កាត់​ពងទឹក ខណ្ឌដង្កោ លោក​អភិបាលខណ្ឌ ជំនួសមុខ​ឲ្យ​ក្រុមប្រឹក្សា គណៈ​អភិបាលខណ្ឌ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ បានធ្វើ​ការរំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ ជាមួយ​គ្រួសារ​សព ដែល​បាន​បាត់បង់​កូនស្រី​ជាទី​ស្រឡាញ់ និង​ជា​យុវនារី​មួយ​រួប​ដែល​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​។​
​ក្នុងឱកាស​នោះ​លោក​អភិបាល ក៏បាន​ចូលរួម​ក្នុង​ពិធី​បុណ្យសព ថវិកា ៥០០.០០០​រៀល សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខណ្ឌដង្កោ ថវិកា​២០០.០០០​រៀល និង​លោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន​កាកបាទក្រហម យុវជន​កាយ​រិ​ទ្ធ វិទ្យាល័យ​ពងទឹក បាន​ចូលរួម​ជា​ថវិកា ចំនួន ១.៦០៤.២០០​រៀល​ផងដែរ​។​

​សូមបញ្ជាក់ថា នារី​រងគ្រោះ​រូបនេះ​ត្រូវបាន​បងជីដូនមួយ នាំ​បក្ខពួក អូសទាញ​យកទៅ​សម្លាប់ចោល​យ៉ាង​សាហាវ​ឃោ​ឃៅ ស្ថិតនៅ​ទី​សំណង់​បាក់បែក​មួយ​ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​រសៀល​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦​។ ប៉ុន្តែ​ជនដៃដល់ និង​បក្ខពួក​៧​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌដង្កោ តាម​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន ជា​បន្តបន្ទាប់​នៅ​យប់​ថ្ងៃកើតហេតុ​នោះ​៕

ចំនួនអ្នកទស្សនា

    20218027

  • ថ្ងៃនេះ81
  • ម្សិលមិញ7271
  • សប្តាហ៍នេះ19551
  • ខែនេះ7361
  • ឆ្នាំនេះ990581
  • សរុប20218027