អភិបាលខេត្ត​កំពង់ចាម ដឹកនាំ​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​រាប់សិប​នាក់ ចុះ​ជួសជុលផ្ទះ​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដោយសារ​ខ្យល់​កន្ត្រាក់

12-May-2016 | ដោយ មែន កំសត់


​កំពង់ចាម​៖ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម លន់ លឹម​ថៃ នៅ​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦​នេះ បាន​ដឹកនាំ​កម្លាំង​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​រាប់សិប​នាក់​ទាំង​នគរបាល អាវុធហត្ថ និង​យោធា បើក​យុទ្ធនាការ ចុះទៅ​ជួយ​រុះរើ រៀបចំ និង​ជួសជុល​ឡើងវិញ​នូវផ្ទះ​ប្រជាពលរដ្ឋ ជាច្រើន​រយ​ខ្នង ដែល​ត្រូវ​ខ្យល់​កន្ត្រាក់​បោកបក់ បណ្តាល​ឲ្យ​ដួលរលំ និង​បើ​ង​ដំបូល​ខូចខាត​នៅ​ស្រុក​បាធាយ និង​ស្រុក​ស្ទឹងត្រង់​កាលពី​ម្សិលមិញ​។​

​ស្នងការ​នគរបាល​ខេត្តកំពង់ចាម លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន បាន​បញ្ជាក់ថា «​ទីណា​មានការ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា ជាក់ស្តែង នៅ​ព្រឹក​ព្រលឹម​ថ្ងៃនេះ​អភិបាលខេត្ត ឯកឧត្តម លន់ លឹម​ថៃ និង​ជា​ប្រធាន​កាកបាទក្រហម​ខេត្តកំពង់ចាម រួម​ដំណើរ​ដោយ លោក​អភិបាលស្រុក​បាធាយ ចុះជួយ រុះរើ​ផ្ទះ​របស់​ប្រជាពលរដ្ឋ ត្រូវ​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​រលំ​ផ្ទះ និង​របើក​ដំបូលផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​៤៩២​ខ្នង នៅ​ឃុំ​សណ្តែក ឃុំ​ត្រប់ ឃុំ​តាំងក្រសាំង និង​ឃុំ​ទំនប់​»​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​បន្តទៀតថា សម្រាប់​យុទ្ធនាការ​ខាងលើនេះ កងកម្លាំង​អន្តរាគមន៍​ពិសេស របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ចំនួន​១២៥​នាក់ ក៏បាន​ចុះជួយ​រៀបចំផ្ទះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ទាំង​បួន ឃុំ​ខាងលើ និង​បាន​ត្រៀមកម្លាំង​១​ចំនួន​ធំ​ទៀត សម្រាប់​ចុះជួយ​នៅតាម​តំបន់​ផ្សេងៗ​ទៀត ពេល​ត្រូវការ​ជា​ចាំបាច់​។​

​ជាមួយគ្នានេះ​កម្លាំង​នគរបាល​របស់លោក ក៏បាន​បែងចែក​ក្រុម​ចុះទៅ​ជួយ​ការងារ​នេះ នៅ​ស្រុក​ស្ទឹងត្រង់​ផងដែរ​។​
​កាលពី​ម្សិលមិញ គ្រោះធម្មជាតិ ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ នៅ​ទឹកដី​ស្រុក​បាធាយ និង​ស្រុក​ស្ទឹងត្រង់ បាន​បំផ្លាញ និង​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ ចំនួន​៥៥៦​ខ្នង ហើយ​បណ្តាល​ឲ្យ​របួស​ស្ត្រី​ម្នាក់ រហូត​ធ្លាយ​ពោះវៀន​ចេញមកក្រៅ មើលទៅ​ឡើង​ញាក់សាច់​ដោយសារ​ផ្ទះ​រលំ​លើ និង​របួសស្រាល​៣​នាក់​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​បញ្ជាក់ថា «​នៅ​ស្រុ​ុ​ក​បាធាយ មាន​ភ្លៀង និង​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​សរុប​៤៩២​ខ្នង ក្នុងនោះ​ដួល​រា​ដល់​ដី​៣៤​ខ្នង ធ្ងន់ធ្ងរ​៩៣​ខ្នង និង ស្រាល​៣៦៥ ខ្នង​»​។​
​ដោយឡែក​ស្រុក​ស្ទឹងត្រង់​វិញ ក៏មាន​ករណី​ភ្លៀងខ្យល់​កន្ត្រាក់​បានធ្វើ​ឲ្យ​ដួលរលំ​ផ្ទះ​ចំនួន​៦៤​ខ្នង របួសធ្ងន់​១ (​ស្រី​) របួសស្រាល​៣​នាក់ ភូមិ​ចំនួន​៦ ក្នុង​ឃុំ​ដងក្តារ​៕

ចំនួនអ្នកទស្សនា

    20218427

  • ថ្ងៃនេះ481
  • ម្សិលមិញ7271
  • សប្តាហ៍នេះ19951
  • ខែនេះ7761
  • ឆ្នាំនេះ990981
  • សរុប20218427