ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានសន្យាថា នឹងផ្តល់នូវជំនួយជាសំភារៈបច្ចេកទេសមួយចំនួន ដល់ក្រសួងមហាផ្ទៃ សម្រាប់បម្រើការងាររបស់ក្រសួងពាក់ព័ន្ធទៅនឹងការងារថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងប្រយុទ្ធប្រឆាំងបទល្មើស។
ការសន្យានេះបានធ្វើឡើង ក្នុងពិធីចុះហត្ថលេខាលើឯកសារបំពេញបន្ថែមស្តីអំពីការងារកិច្ចសហ ប្រតិបត្តិការខាងផ្នែកសន្តិសុខកាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ រវាង លោក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ។
លោក ប៉ោ ភ័ក្ត្រ អគ្គលេខាធិការ និងជាប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃក្រសួងមហាផ្ទៃបាន មានប្រសាសន៍ឲ្យដឹងថា តបតាមការអញ្ជើញរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃគឺថ្ងៃទី១១ និង១២ ខែឧសភា ឆ្នាំ២០១៦នេះ។
លោកបានបន្តថា នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម តូ ឡឹម ក៏បានជួបពិភាក្សាផ្លាស់ប្ដូរមតិយោបល់ និងទស្សនជាមួយសម្ដេចក្រឡាហោម ស ខេង ដោយផ្ដោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ពាក់ព័ន្ធទៅនឹងការងារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសជារួមបម្រើឲ្យផលប្រយោជន៍នៅប្រទេស ទាំងពីរកម្ពុជា-វៀតណាម។
លោក ប៉ោ ភ័ក្ត្រ បានបន្ថែមថា នៅក្នុងដំណើរទស្សនកិច្ចនេះផងដែរ ក៏មានការចុះហត្ថលេខាលើឯកសារបំពេញបន្ថែមស្តីអំពីការងារកិច្ច សហប្រតិបត្តិការខាងផ្នែកសន្តិសុខ ដោយក្នុងនោះគឺការសហការគ្នានៅក្នុងការផ្លាស់ប្ដូរព័ត៌មាន បទពិសោធន៍ឲ្យគ្នាទៅវិញទៅមក និងជំនាញពាក់ព័ន្ធទៅនឹងការងារសន្តិសុខនេះ។ ដោយឡែកនៅក្នុងការចុះហត្ថលេខានេះក្រសួងនគរបាលវៀតណាមបានសន្យានឹង ផ្តល់នូវជំនួយជាសំភារៈ និងបច្ចេកទេសមួយចំនួនដល់ក្រសួងមហាផ្ទៃសម្រាប់បម្រើឲ្យការងាររបស់ នគរបាលកម្ពុជា។
គួររំលឹកថា ក្នុងដំណើរទស្សនកិច្ចពីរថ្ងៃនេះ គណៈប្រតិភូនៃក្រសួងនគរបាលវៀតណាមដែលដឹកនាំដោយ លោក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនឹងអញ្ជើញជួប សម្ដែងការគួរសមចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១២។ បន្ទាប់មកគណប្រតិភូនឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅ វិមានឯករាជ្យ និងវិមានអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាម។ លុះពេលរសៀលម៉ោងជិត៦គណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍ទៅកាន់ មាតុប្រទេសវិញ