រដ្ឋបាល​បាល​ខណ្ឌទួលគោក​រៀបចំ​ពិធី​វាយកម្ទេច​ទូ​ហ្គេម​ល្បែងស៊ីសង​

12-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​២០១៦​ដោយមាន​ការនែនាំ​ពី​លោក ឯក ឃុន​ដឿ​ន អភិបាល​នៃ​គណ​អភិបាលខណ្ឌ​ទួលគោក ​លោក ប៉ាង លីដា អភិបាលរងខណ្ឌ​បាន​ដឹកនាំ​មន្ត្រី​សាលាខណ្ឌ​និង​ប្រជា​ការពារ​ខណ្ឌ វាយកម្ទេច​ទូ​ហ្គេម​ល្បែងស៊ីសង​ចំនួន​សរុប​១២​ទូ​ហ្គេម​បាញ់​ត្រី​និង​ទូ​បៀរ​ចំនួន​១០ សរុប​២២​ទូ​។​

​ការ វាយកម្ទេច​ទូ​ហ្គេម​ខុសច្បាប់​ខាងលើនេះ គឺជា​លើក​ទី​២​ហើយ​សម្រាប់​ខណ្ឌទួលគោក ដែល​លើក​ទី​១ អាជ្ញាធរ​បានធ្វើ​ការដុត​បំផ្លាញ​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន ០៦​គ្រឿង កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៥ កន្លងទៅ ។​

 លោក ប៉ាង លីដា អភិបាលរងខណ្ឌ​បាន​មានប្រសាសន៍​ជុំវិញ​ការ​វាយកម្ទេច​ទូ​ហ្គេម​ខាងលើ នេះ​ថា ទូ​ហ្គេម​ទាំងនេះ គឺជា​ប្រភេទ​ល្បែងស៊ីសង​ខុសច្បាប់ ដោយ​ប្រើប្រាស់​លុយ​ទើប​អាច​លេង​បាន ។ វា​ជា​ហ្គេម​មួយ​ប្រភេទ ដែល​ច្បាប់​ហាមប្រាម​មិន​ឲ្យ​បើក​ដំណើរការបាន​ជាដាច់ខាត មិន​ថា ក្នុង​រូបភាព​បែបណា​នោះទេ ។​

​បន្ថែម​ពីនេះ​ទៅទៀត វា​មិន​ត្រឹមតែ​ជា​ប្រភេទ​ល្បែងស៊ីសង​នោះទេ វា​ក៏​ជា​ប្រភេទ​ហ្គេម​ដែល​ពង្វក់ និង​ចូល​ជ្រាប​ទៅដល់​ស្រទាប់​ស្មារតី​យុវជន យុវ​សិស្ស និង​ក្មេងៗ​ជា​សិស្សសាលា​តូចៗ អោយ​បោះបង់​ការរៀនសូត្រ​ចោល ហើយ​នាំគ្នា​មក​ពពាក់​ព​ពួន​គ្នា​លេង​យ៉ាង​សប្បាយ ។ និង​ពេលខ្លះ អាច​បែកគំនិត រហូត​ប្រព្រឹត្តិ​នូវ​បទល្មើស​លួច ឆក់ ប្លន់ និង​សកម្មភាព​អសន្តិសុខ​ផ្សេងៗ​ជាដើម ដើម្បី​យកលុយ​មក​បំពេញ ចំណង់​ចិត្ត​ខ្លួន​ក្នុង​ការលេង​ហ្គេម​មួយ​នេះ ។​

​ក្នុងឱកាស​ខាងលើ​ដដែល​នេះ លោក​អភិបាលរង បានធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អ៊ុំ​មីង​ពូ ទាំងអស់ ដែល​រស់នៅក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក​ទាំ​ង​មូល អោយ​មេត្តា​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​យើង​គ្រប់ពេលវេលា ក្នុងការ​ផ្តល់នូវ​ព័ត៌មាន ឬ មុខសញ្ញា​មួយចំនួន​ទាក់ទង​ទៅនឹង​ទីតាំង​ដែល​ពាក់ព័ន្ធ អំពើ​ល្មើសច្បាប់ មិន​ថា តែ​ទីតាំង​ដែល​កំពុង​លួចលាក់​បើក​ហ្គេម​បាញ់​ត្រី​ឡើយ គឺ​រាល់​បទល្មើស មានដូចជា បៀរ អាប៉ោង កន្ទុយលេខ ជល់​មាន់ ជាដើម ។ សូម​បងប្អូន​ចូលរួម​អោយបាន​គ្រប់ៗ​គ្នា ដើម្បី​មាន​ភាពងាយស្រួល​សម្រាប់​អាជ្ញាធរ​ក្នុងការ​ទប់ស្កាត់ បង្ការ និង​បង្ក្រាប ឲ្យ​សមស្រប​ទៅនឹង​គោលនយោបាយ​ទាំង​០៩​ចំណុច​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ដើម្បី​ធានាបាន​នូវ​សន្តិសុខ​សុវត្ថិភាព​ជូន​បងប្អូន​រស់នៅ​ប្រកបដោយ ភាពសុខសាន្ត ។​

​ជំនួសមុខ​អោយ​អាជ្ញាធរ ក៏ដូចជា​គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោកទាំងមូល លោក​អភិបាលរង ក៏ បាន​សន្យាថា និង​បន្តសកម្មភាព​បង្ក្រាប​ជា​បន្តបន្ទាប់​ទៅ​ថ្ងៃមុខ​បន្ថែមទៀត ទៅលើ​ទីតាំង​ទាំងឡាយណា​ដែល​កំពុង​ព្រហើន​ប្រព្រឹត្តិ​សកម្មភាព​ល្មើ​សនឹង ច្បាប់ ដែល​តែងតែ​បង្ក​ជា​ភាព​ជ្រួលច្របល់​ដល់​សង្គមជាតិ  ដោយ​អាជ្ញាធរ​មិន​គិតពី​បក្ខពួក ណា​ម្នាក់​ឡើយ ព្រោះ​អាជ្ញាធរ​ជា មាតាបិតា​ប្រជាពលរដ្ឋ និង​ជា​អ្នកបម្រើ​រាស្ត្រ បើ​រវល់​គិតតែ​ខ្លាច​អំណាច ឬ​បុណ្យ​សក្តិ​របស់​អស់លោក​ជា​អ្នកធំៗ​មួយចំនួន តើ​ប្រជារាស្ត្រ​ផ្ញើ​ក្តី​រំពឹង និង​សេចក្តីទុកចិត្ត​ទៅលើ​អ្នកណា​បាន​ទៀត​ទៅ​ថ្ងៃមុខ

ចំនួនអ្នកទស្សនា

    20218027

  • ថ្ងៃនេះ81
  • ម្សិលមិញ7271
  • សប្តាហ៍នេះ19551
  • ខែនេះ7361
  • ឆ្នាំនេះ990581
  • សរុប20218027