ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការពីកម្លាំងមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត បានចុះបង្ក្រាបទីតាំងផលិតទឹកសុទ្ធមួយកន្លែង ស្ថិតនៅក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ដែលគ្មានច្បាប់អនុញ្ញាតពីមន្ទីរជំនាញ និងជាហេតុធ្វើឲ្យការផលិតទឹកសុទ្ធខ្វះអនាម័យ នាំឲ្យអ្នកបរិភោគមានបញ្ហាដល់សុខភាព។
យោងតាមប្រភពពីអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ម្ចាស់ទីតាំងផលិតទឹកសុទ្ធនេះមានឈ្មោះ អ៊ុក សុផុន ភេទប្រុស អាយុ៥១ឆ្នាំ មានមុខរបរផលិតទឹកសុទ្ធ ស្នាក់នៅទីតាំងកន្លែងកើតហេតុខាងលើ។
បច្ចុប្បន្ន ទីតាំងផលិតទឹកសុទ្ធនេះ សមត្ថកិច្ចចម្រុះបានធ្វើការបិទជាបណ្ដោះអាសន្ន ហើយចំពោះម្ចាស់ទីតាំងសមត្ថកិច្ចបានធ្វើការផាកពិន័យជាអន្តរការណ៍ ដោយអនុលោមទៅតាមច្បាប់ ស្ដីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម៕