ខេត្តបន្ទាយមានជ័យ ៖លោក អាំង គីហេង ដែលជាចៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងត្រូវប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំងក្លាថា បុគ្គលនេះមិនយកចិត្តទុកដាក់បំពេញការងារបម្រើប្រជាពលរដ្ឋក្នុង មូលដ្ឋានតាមតួនាទីរបស់ខ្លួន។ ប្រជាពលរដ្ឋជាច្រើនភូមិក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានអំពាវនាវឲ្យអភិបាលខេត្តបន្ទាយមានជ័យ និងក្រសួងមហាផ្ទៃ ពិនិត្យមើលឡើងវិញអំពីភាពអសកម្មរបស់លោក អាំង គីហេង ជាបន្ទាន់។ ប្រជាពលរដ្ឋរិះគន់បែបនេះក្រោយពេលពួកគាត់ចំណាយពេលវេលាទៅរង់ចាំនៅ សាលាសង្កាត់ ដើម្បីធ្វើឯកសារចាំបាច់ផ្សេងៗជាច្រើនលើកច្រើនសា ហើយចៅសង្កាត់មិនព្រមធ្វើឲ្យ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋតាមបណ្ដាភូមិនានាក្នុងសង្កាត់ ប៉ោយប៉ែត បានឲ្យដឹងថា ពួកគាត់ជួបការលំបាកខ្លាំងណាស់ក្នុងការធ្វើលិខិតស្នាមផ្សេងៗដូចជា សបុត្រកំណើត លិខិតបញ្ជាក់ទីលំនៅ លិខិតបញ្ជាក់មរណភាពជាដើម ដោយត្រូវចំណាយពេលទៅសាលាសង្កាត់ជាច្រើនដងនៅតែមិនបានសម្រេច។ ប្រជាពលរដ្ឋរិះគន់ថា លោក អាំង គីហេង មានប្ញកធំជាងអភិបាលខេត្ត និងរដ្ឋមន្ត្រីទៅទៀត គឺពិបាកជួបខ្លាំងណាស់មិនដឹងថាគាត់រវល់ធ្វើការងារអ្វីខ្លះនោះទេ។ តាមមន្ត្រីអង្គការសិទ្ធិមនុស្សបានឲ្យដឹងថា ប្រជាពលរដ្ឋសង្កាត់ប៉ោយប៉ែត កំពុងជួបការលំបាកយ៉ាងខ្លាំងដោយសារតែលោក អាំង គីហេង ជាចៅសង្កាត់ មិនបំពេញតួនាទីរបស់ខ្លួនក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅក្នុង មូលដ្ឋាន ហើយជាញឹកញាប់ចៅសង្កាត់រូបនេះមិនមានវត្តមាននៅសាលាសង្កាត់ឡើយ។
ប្រជាពលរដ្ឋជាច្រើនរូបរស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ពួកគាត់ទៅធ្វើសំបុត្រកំណើត និងលិខិតស្នាមផ្សេងៗជាច្រើនលើកច្រើនសានៅតែធ្វើមិនបាន ព្រោះមិនឃើញចៅសង្កាត់នៅក្នុងសាលាសង្កាត់នោះទេ។ បញ្ហានេះលោកអភិបាលក្រុងប៉ោយប៉ែត និងអភិបាលខេត្តបន្ទាយមានជ័យ គួរចាត់វិធានការទៅលើបុគ្គល អាំង គីហេង ជាបន្ទាន់ដើម្បីឲ្យចៅសង្កាត់ប៉ោយប៉ែតរូបនេះ បំពេញការងារតាមតួនាទីរបស់ខ្លួនកុំធ្វើប្ញកធំជាងអភិបាលខេត្ត និងរដ្ឋមន្ត្រីតទៅទៀត។ ប្រជាពលរដ្ឋដែលខឹងសម្បានឹងលោក អាំង គីហេង បានឲ្យដឹងថា បើលោក អាំង គីហេង មិនមកបំពេញការងារតាមតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវទេនោះ គឺល្មមដល់ពេលក្រសួងមហាផ្ទៃ ចាត់វិធានការលើជននេះតាមច្បាប់ហើយ៕