ប្រធាន​សហគមន៍​ឃុបឃិត​គ្នា​បូម​ពង្រីង​បឹង​អភិរក្ស​សត្វ​ត្រី ដើម្បី​កាយ​យក​ដី​លក់​យ៉ាង​អ​នា​ធិ​ប​តេ​យ្យ

14-May-2016 | ដោយ មែន កំសត់



​បន្ទាយមានជ័យ ៖ បឹង​អភិរក្ស​សត្វ​ត្រី​មួយកន្លែង​នៅ​ឃុំ​សំបួរ ត្រូវបាន​ឈ្មួញ​លួច​បូម​យក​ត្រី​អស់ពី​បឹង ហើយ​កាយ​យក​ដី​លក់​បែប​អនាធិបតេយ្យ​ទៀតផង​។ ប៉ុន្តែ​ក្រុម​ឈ្មួញ​ទាំងនោះ​និយាយថា មុននឹង​ឈានដល់​ការកាយ​យក​ដី​បឹង សម្រាប់​អភិរក្ស​សត្វ​ត្រី​ទៅ​លក់​នោះ​គឺ​បាន​ប្រាប់​ថ្នាក់លើ​ពី​ភូមិ​ដល់ ខេត្ត​អស់ហើយ​។​

​បឹង​អភិរក្ស​សត្វ​ត្រី​នោះ ស្ថិតនៅ​ក្នុងភូមិ​ឃុំ​សំបួរ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ត្រូវបាន​ក្រុម​ឈ្មួញ រួមជាមួយ​អាជ្ញាធរ មន្ត្រី​ជំនាញ ឃុបឃិត​គ្នា​បូម​យក​ត្រី ពី​ក្នុង​បឹង​អភិរក្ស​ទៅ​លក់​ដោយ​គ្មាន​វិធានការ​ទប់ស្កាត់​ឡើយ​។​
​ប្រភពពី​ពលរដ្ឋ​បាន​ឲ្យ​ដឹងថា បឹង​អភិរក្ស​នោះ គឺមាន​ទំហំ​២០០០​ម៉ែត្រ គុណ​នឹង​៣០០០​ម៉ែត្រ ស្មើនឹង​ផ្ទៃដី​ទំហំ​ជាង​៥​ហិកតា​កន្លះ​ឯណោះ​។ បឹង​នេះ ស្ថិតក្រោម​ការគ្រប់គ្រង ដោយ​សហគមន៍​អភិរក្ស និង​អង្គការ​អភិរក្ស​មួយចំនួន​ផងដែរ​។​
​ប្រភព​បន្តថា គេ​បាន​សង្កេតឃើញ​លោក​ប្រធាន​សហគមន៍​ក្នុង​ដែន​អភិរក្ស​ខាងលើ បាន​លួច​បូម​ត្រី​ក្នុង​បឹង​នោះ បើទោះជា​មាន ការជួយ​ធ្វើ​អន្តរាគមន៍​ពី​អង្គការ​នានា​ប្រចាំ​នៅ​ទីនោះ​ក៏ដោយ ក៏​លោក​ប្រធាន​សហគមន៍​អភិរក្ស​នោះ​មិន​ស្តាប់​ដែរ​។​
​ប្រភព​បាន​បន្តទៀតថា ដី​បាត​បឹង​នោះ គេ​លក់​ក្នុង​មួយ​រថយន្ត​តម្លៃ​២៥០០០​រៀល​ឯណោះ​។ នេះ​គឺជា​ការបំផ្លាញ​ធនធាន​មច្ឆជាតិ​ទាំងស្រុង ហើយ​មិនគួរ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​លួច​ឃុបឃិត​គ្នា​បំផ្លាញ​បឹង​អភិរក្ស​បែបនេះ​សោះ​។​

​ទាក់ទិន​នឹង​ករណី​ខាងលើនេះ កម្ពុជា​ថ្មី​បាន​ទៅដល់​កន្លែងកើតហេតុ ហើយ​លោក​សៀន​ប្រធាន​សហគមន៍​អភិរក្ស​ខាងលើ​នោះបាន​បំភ្លឺថា លោក​បាន​ឯកភាពគ្នា​ជាមួយ​ថ្នាក់ដឹកនាំ​សំខាន់ៗ​អស់ហើយ ពី​ភូមិ​ដល់​ខេត្ត ក្នុងនោះ​ក៏មាន​មន្ត្រីជលផល​ចូលរួម​ទៀតផង ដើម្បី​ស្តា​របឹង​អភិរក្ស​សត្វ​ត្រី​នេះ​។​
​លោក​បាន​បន្តថា លោក​បាន​កាយ​យក​អាចម៍ដី ក្នុង​បឹង​ទៅ​លក់​ជូន​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​ឯណោះ ដោយ​ក្នុង​១​ឡាន​តម្លៃ ២៥០០០​រៀល ក្នុងនោះ​១៥០០០​រៀល លោក​ឲ្យ​ប្រជាពលរដ្ឋ ដែល​ទិញ​អាចម៍ដី​នោះ​សង​ថ្លៃ​រថយន្ត និង​ត្រាក់ទ័រ ឯ​១០០០០​រៀល​ទៀត​គឺ​លោក មិនបាន​យក​ពី​ពលរដ្ឋ​ទេ ដោយ​យល់ថា​ប្រជាពលរដ្ឋ​ក្រីក្រ​។ លោក​បាន​បន្តទៀតថា លោក​ត្រូវ​ឲ្យ​កាយ​ដី​បាត​បឹង​នោះ​ចំនួន​១០០០​ឡាន ស្មើនឹង​តម្លៃ ១០​លាន​រៀន ឯណោះ​។ តែ​អ្វី ដែល​លោក​កំពុង​ធ្វើ​នោះ​គឺ ពុំមាន​ក្រដាស​ស្នាម​អនុញ្ញាត​ពី​ថ្នាក់លើ​ណា​ឲ្យ​ធ្វើ​នោះទេ គឺ​គ្រាន់តែ​ឯកភាព​មាត់ទទេ​តែប៉ុណ្ណោះ​។​
​លោក​សេង ធូ ប្រធាន​រដ្ឋបាល​ជលផល​ស្រុក​មង្គល​បូរី បាន​ឲ្យ​ដឹងថា គួរតែ​ឲ្យ​លោក​ប្រធាន​សហគមន៍ ធ្វើការ​អភិវឌ្ឍ​បឹង​នោះ​ចុះ ដើម្បី​ឲ្យ​ធានា​ទឹក​អុក​បានយូរ សម្រាប់​អភិរក្ស​សត្វព្រៃ​បន្ត​នៅ​ឆ្នាំក្រោយៗ​ទៀត ប៉ុន្តែ​រឿង​ច្បាប់ទម្លាប់​ពិតជា​គ្មាន​លិខិតស្នាម​បញ្ជាក់ជូន​នោះទេ ហើយ​លោក​ក៏​មិនដឹងថា​អ្នកណា​ជា​អ្នក​អនុញ្ញាត​ឲ្យ​ប្រធាន​សហគមន៍​នោះ​ធ្វើ ដែរ ចាំ​លោក​ស្រាវជ្រាវ​រឿងនេះ​តទៅទៀត​។​
​ដោយឡែក​លោក​ឡុង ពុន អភិបាលស្រុក​មង្គល​បូរី បញ្ជាក់ថា លោក​ពុំ​បានដឹង​រឿង​កាយ​បាត​បឹង​នោះទេ ខណៈពេល​នេះ​លោក​កំពុង​ជាប់រវល់​ខ្លាំងណាស់ ចាំ​ពេល​លោក​ទំនេរ​លោក​នឹង​រៀបរាប់​ឲ្យ​បាន​ច្បាស់​ជូន​អ្នកកាសែត​៕

ចំនួនអ្នកទស្សនា

    20218217

  • ថ្ងៃនេះ271
  • ម្សិលមិញ7271
  • សប្តាហ៍នេះ19741
  • ខែនេះ7551
  • ឆ្នាំនេះ990771
  • សរុប20218217