អ្នកភូមិ​បះបោរ​ជំទាស់ ការឃុបឃិត​ចេញ​កម្មសិទ្ធិ លើ​ផ្ទៃដី​បឹង​ធារាសាស្ត្រ​

15-May-2016 | ដោយ មែន កំសត់


​ខេត្តកំពង់ស្ពឺ ៖ ទំនាស់​ដី​បឹង​ធារាសាស្ត្រ​មួយកន្លែង​កំពុង​ផ្ទុះ​រឿង​តវ៉ា ដោយសារ​ភាគី​ម្ខាង​អះអាងថា មាន​លិខិត​កាន់កាប់​ស្របច្បាប់ ចំណែក​ភាគី​ម្ខាង​ទៀត ដែលមាន​ពលរដ្ឋ​មួយ​ភូមិ​បាន​អះអាងថា ជា​បឹង​រួម​តាំងពីដើម​មក​មិនគួរណា​វាស់​ពុះ​កាត់​ឱ្យ​ឯកជន​កាន់កាប់​ធ្វើ ជា កម្មសិទ្ធិ​ឡើយ ទីតាំង​បឹង​ធារាសាស្ត្រ​នេះ ស្ថិតក្នុង​ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ។ ការស្នើសុំ​មិនឱ្យ​ចេញ​ប្លង់​នេះ​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​១១ ឧសភា បន្ទាប់ពី​អ្នកភូមិ​ទាំងអស់​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​១២ ឧសភា ២០១៦​នេះ ក្រុមមន្ត្រី​ជំនាញ​បាន​ចុះ​ទៅកាន់​កន្លែង​ទំនាស់​នោះ ។​

​លោក ជុំ សុ​ថុល មេភូមិ​ព្រៃ​កេស​បានឱ្យដឹងថា ក្រុម​ប្រជាពលរដ្ឋ​ក្នុងភូមិ​មាន​ចំនួន​សរុប​១០៨​គ្រួសារ ដែល​បានមក​ជួបជុំគ្នា​នេះ​ក្នុង​គោលបំណង​ស្នើឱ្យ​ជំនាញ និង​អាជ្ញាធរ​កុំ​ចេញ​ប្លង់​កម្មសិទ្ធិ​ដី​បឹង​ធារាសាស្ត្រ​នេះ​ទៅឱ្យ​ឯកជន កាន់កាប់ ។ ការដែល​មិន​ឲ្យ​ចេញ​ប្លង់​កម្មសិទ្ធិ​នេះ គឺ​ពលរដ្ឋ​ទាំងអស់​មានបំណង​រក្សា​ទុក​ដី​បឹង​ធារាសាស្ត្រ​នេះ​ប្រើប្រាស់ ជា​ប្រយោជន៍​រួម​។ ការដែល​ពួកគាត់​តវ៉ា​នេះ​សំអាងថា តាំងពី​ឆ្នាំ​១៩៧៩​មក គឺ​ប្រជាពលរដ្ឋ​បាន​អាស្រ័យ​ផល​ពី​បឹង​មួយ​នេះ​គ្រប់​ក្រុមគ្រួសារ មិន​ថា​គ្រួសារ​ណា​ជា​គ្រួសារ​ណា​ទេ ស្រាប់តែ​នៅពេល​ថ្មីៗ​នេះ​បែរជា​មន្ត្រី​ជំនាញ​សុរិយោដី និង​មន្ត្រី​ធនធាន​ទឹកបាន​ចុះមក​បាញ់​ប្លង់​(​ចុច​ជី​ភី​អេស​)​ដើម្បី​ចេញ ប្លង់​កម្មសិទ្ធិ​ទៅឱ្យ​បុគ្គល​ឯកជន​កាន់កាប់ ទៅវិញ​ទើប​ផ្ទុះ​ការតវ៉ា​ឡើង ។​
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ​លោក ដួង សយ​មេឃុំ​ព្រៃ​វិហារ​បានឱ្យដឹងថា ដី​ដែលមាន​បញ្ហា​នេះ​ជា​ដី​ដែលមាន​ប័ណ្ណកម្មសិទ្ធិ​របស់គេ​ត្រឹមត្រូវ ចេញ​ដោយ​អាជ្ញាធរ​ឃុំ​តាំងពី​ឆ្នាំ​១៩៩៤​មកម្ល៉េះ ។ តែ​លោក​មេឃុំ​ក៏បាន​បញ្ជាក់​ផងដែរ​ថា ដី​ដែល​កំពុងមាន​បញ្ហា​នេះ គឺជា​ដី​ទំនប់​ធារាសាស្ត្រ​ពិតមែន ចំណែក​អ្នកកាន់កាប់​មិនមែន​អ្នកភូមិ​ព្រៃ​កេស​នេះ​ទេ គឺ​មកពី​ភូមិ​ទួល​ត្បែង​និង​ភូមិ​ដំរី​ស្លាប់​(​ភូមិ​ទាំង​២​ស្ថិតនៅ ក្នុង​ឃុំ​ព្រៃ​វិហារ​) ។ នៅពេល​ថ្មីៗ​នេះ អ្នក​ដែល​កាន់កាប់​ដី​បឹង​បាន​ស្នើសុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ក៏ត្រូវ ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃ​កេស​ប្រឆាំង​តវ៉ា​មិនឱ្យ​ជំនាញ​ចេញ​ប្លង់​ឡើយ ។​

​ទាក់ទិន​នឹង​រឿងនេះ​ដែរ លោក ញា​​ញ់ ជាប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តកំពង់ស្ពឺ​ដែល​ធ្លាប់​ចុះទៅ​ដល់​កន្លែង ទំនាស់​នោះបាន​ឱ្យដឹងថា ពេលនេះ​លោក​កំពុង​រក​ដំណោះស្រាយ​ណាមួយ​ដែល​សមស្រប​ដើម្បី​កុំឱ្យ ស្ថានការណ៍​កាន់តែ​តឹងតែង​ខ្លាំង ។ ទោះជា​យ៉ាងណា លោក​បាន​បញ្ជាក់ថា ជាធម្មតា​ដី​ទំនប់​បឹង​ធារាសាស្ត្រ គឺ​មិនមាន​ជំនាញ​ណាមួយ​អាច​ចេញ​ប្លង់​ឱ្យ​កាន់កាប់​ជា​កម្មសិទ្ធិឯកជន​បាន ឡើយ ។​
​បើតាម​ព្រឹទ្ធាចារ្យ​មួយរូប​បាន​ប្រាប់ថា ទំនប់​ធារាសាស្ត្រ​នេះ កសាងឡើង​ក្នុង​កំឡុង​របប​ប៉ុលពត ៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ ដែល​ប្រើ​កម្លាំង​មនុស្ស​រាប់រយ​នាក់ ហើយក៏​មាន​អ្នក​បាត់បង់​ជីវិត​មិនតិច​ដែរ​ក្នុង​ការសាងសង់​ទំនប់ ធារាសាស្ត្រ​មួយ​នេះ ។ ហេតុអ្វី​បានជា​អស់លោក​ជំនាញ​ប្រុង​ចេញ​ប្លង់​ឱ្យក្លាយ​ទៅជា កម្មសិទ្ធិឯកជន​ទៅវិញ ៕

ចំនួនអ្នកទស្សនា

    20218037

  • ថ្ងៃនេះ91
  • ម្សិលមិញ7271
  • សប្តាហ៍នេះ19561
  • ខែនេះ7371
  • ឆ្នាំនេះ990591
  • សរុប20218037