សង្វៀនជលមាន់ដ៏ធំមួយ ស្ថិតនៅក្នុងបន្ទាយវរៈព្រំដែន៦០៥ ស្ថិតនៅស្រុកកោះធំខេត្តកណ្តាលដែលដំណើរការយ៉ាងរលូនជាងមួយឆ្នាំ មកហើយហើយនោះ ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភទៅនឹងសន្តិសុខរស់នៅប្រចាំថ្ងៃ។ សង្វៀនមាន់នោះ ក៏រងនូវការរិះគន់យ៉ាងចាស់ដៃពីប្រជាពលរដ្ឋផងដែរដោយពួកគាត់មាន ចម្ងល់ថា តើជាឆ្នាំងបាយរបស់អស់លោកណាបានជាគ្មានការបង្ក្រាបសោះដូច្នេះ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថាវង់ល្បែងជលមាន់ដ៏ធំមួយនេះ ពីមុនភាគច្រើនជាជនជាតិវៀតណាមចូលលេងប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះ ស្រាប់តែជនជាតិខ្មែររាប់រយនាក់ បានសម្រុកចូលទៅលេងយ៉ាងច្រើនកកកុញ ហើយម្នាក់ៗ ឮថា ចាញ់ឈ្នះរាប់លានរៀលឯណោះ ក្នុងមួយថ្ងៃៗ។តាមប្រជាពលរដ្ឋរាយការណ៍ថា ទីតាំងបនល្បែងជលមាន់នេះ ស្ថិតក្នុងបន្ទាយវរៈព្រំដែន ៦០៥ ដែលមានលោក លុយ ធៀម ជាមេស្ថិតនៅ ភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។
ប្រភព ដដែលបានបន្តថា ទីតាំងនេះបានដំណើរការជាងមួយឆ្នាំមកហើយ ដោយគេសង្ស័យមានពាក់ព័ន្ធតាំងអាជ្ញាធរពីឃុំ ស្រុក ខេត្ត ទៅ ពីព្រោះអាជ្ញាធរណាក៏ដឹងដែរអំពីទីតាំងនេះ តែគ្មានដែលឃើញប៉ូលីសនិងប៉េអឹមណាអើតមើលទេ។ ប្រជាពលរដ្ឋលើកឡើងថា ព្រោះតែបនល្បែងមួយនេះ ធ្វើឲ្យគ្រួសារមួយចំនួនដែលមានប្តី មានកូនចូលលេង ហើយចាញ់លុយជាបន្តបន្ទាប់និងបង្កជាជម្លោះវាយតប់និងបែកបាក់គ្នា ក៏មានដែរ។ មិនតែប៉ុណ្ណោះមនុស្សមួយចំនួនទៀតបានក្លាយជាចោរលួចចោរប្លន់ ព្រោះតែចាញ់ច្រើនពេកជំពាក់បំណុលគេ។ ប្រជាពលរដ្ឋអំពាវនាវសុំឲ្យថ្នាក់ដឹកនាំខេត្តស្រុកមេត្តាបិទបន ល្បែងជលមាន់ខាងលើនេះ ជាបន្ទាន់ផង ព្រោះវាបង្កភាពអសកម្មខ្លាំងណាស់៕