រាជធានីភ្នំពេញ ៖ ហ្គេមបាញ់ត្រីដែលជាល្បែងស៊ីសងអត់ច្បាប់កំពុងដំណើរការយ៉ាងរលូន នៅក្នុងខណ្ឌទួលគោកដោយបង្កប់នៅក្នុងហេបភី ណេត ២៤ម៉ោង ពុំត្រូវបានអាជ្ញាធរខណ្ឌទួលគោក មើលឃើញចុះបង្រ្កាបឡើយ។ ទន្ទឹមនោះ ធ្វើឱ្យប្រជាពលរដ្ឋបានចោទប្រកាន់ថា ប្រហែលជាលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក មានការពាក់ព័ន្ធ ឬក៏បានផលប្រយោជន៍ពីផ្ទះហ្គេមទាំងនោះបានជាមិនបង្ក្រាប ព្រោះជាឆ្នាំងបាយ។
តាមព័ត៌មានឱ្យដឹងថា នៅក្នុងខណ្ឌទួលគោក មានហ្គេមបាញ់ត្រីដែលជ្រកក្រោមហេបភីណេត២៤ម៉ោងជាច្រើនកន្លែង ដែលមានថៅកែដ៏មានឥទ្ធិពលឈ្មោះ ហ៊ី ទូច និងឈ្មោះ ពេជ្រ ដែលជាថៅកែងកុងស៊ីផងដែរ បានបើកលេងទាំងយប់ទាំងថ្ងៃ ដោយមិនខ្លាចសមត្ថកិច្ចឡើយ។ ទីតាំងហ្គេមដុះស្លែនោះត្រូវបានគេដឹងថា ស្ថិតនៅតាមផ្លូវលេខ១៩២ ខាងលិចសាលាសង្កាត់ទឹកល្អក់ទី៣, ផ្ទះលេខ៣ ផ្លូវលេខ២៦៥ មុខផ្ទះសំណាក់ហង្សនាគ (សំណង់១២), ផ្លូវឧកញ៉ាទេពផន ខាងលិចខារ៉ាអូខេនគរសំរិទ្ធ ក្នុងសង្កាត់ទឹកល្អក់ទី៣, តាមផ្លូវលេខ២៦១ សង្កាត់ទឹកល្អក់ទី១ និងផ្លូវលេខ១៥៦ សង្កាត់ផ្សារដេប៉ូទី១ និងនៅមានជាច្រើនកន្លែងទៀត សុទ្ធតែជារបស់ ហ៊ី ទូច ។ ទីតាំងទាំងនេះ ត្រូវបានម្ចាស់បានដើរអួតប្រាប់គេថា គ្មាននណាហ៊ានបង្ក្រាបឡើយ ព្រោះគេរត់ការបង់ប្រាក់ឱ្យអាជ្ញាធរនិងសមត្ថកិច្ចអស់ហើយ ព្រមទាំងបានអំពាវនាវឱ្យក្រុមអ្នកលេងល្បែងនាំគ្នាទៅលេងយ៉ាង សប្បាយរីករាយទៀតផង។
តាមព័ត៌មានឱ្យដឹងថា ទីតាំងហ្គេមទាំងនេះ មិនដែលត្រូវបានអាជ្ញាធរខណ្ឌទួលគោកបង្ក្រាបឡើយ។កន្លងមក ក្នុងខណ្ឌទួលគោក គេមានការកោតសរសើរណាស់ដែលលោកឯក ឃុនដឿន បានយកចិត្តទុកដាក់នៅក្នុងការបង្ក្រាបហ្គេមបាញ់ត្រី ល្បែងស៊ី បានជាបន្តបន្ទាប់ ហើយធ្វើពិធីកម្ទេចចោល តែការចុះបង្ក្រាបនោះគឺបង្ក្រាបតែអ្នកអត់មានខ្សែ ខ្នងបង្អែក ចំណែកហ្គេមរបស់ថៅកែកុងស៊ីឈ្មោះហ៊ី ទូច មិនបានបង្ក្រាបឡើយ ទោះផ្ទះហ្គេមនោះនៅជាប់គ្នា ក៏មើលមិនឃើញដែរ ដូចជាកាលពីព្រឹកថ្ងៃទី១២ ឧសភា អាជ្ញាធរចុះបង្ក្រាបផ្ទះហ្គេមលេខ៣៦ ផ្លូវលេខ១៩២ សង្កាត់ទឹកល្អក់ទី៣ តែផ្ទះហ្គេមហេបភីណេត៤ម៉ោង នៅជាប់គ្នានោះមិនបានបង្ក្រាបឡើយ។
តាមព័ត៌មានឱ្យដឹងថា ម្ចាស់ផ្ទះហ្គេមដ៏មានឥទ្ធិពលនេះ បានចាក់អាជ្ញាធរ និងសមត្ថកិច្ចចុះបង្ក្រាបអ្នកនៅក្បែរៗនោះ ដើម្បីឱ្យអ្នកលេងចូលទៅលេងហ្គេមរបស់ខ្លួន។
ទាក់ទិនផ្ទះហ្គេមដុះស្លែនេះលោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានឱ្យដឹងថា លោកនឹងបង្ក្រាបឱ្យអស់ តែហាក់ដូចជា មិនឃើញចុះផ្ទះហ្គេមជ្រកក្រោមហេបភីណេត២៤ម៉ោងនេះឡើយ៕