លោក ឃ្លាំង ហួត ចុះ​ផ្សព្វផ្សាយ​ពី​នីតិវិធី ឯកសារ​ពាក់​ព​ន្ធ័ ជូន​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ព្រែក​តាសេក​

16-May-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖ លោក ឃ្លាំង ហួត អភិបាលខណ្ឌ​ជ្រោយចង្វារ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា​នេះ បាន​អញ្ជើញ​ចុះ​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​ផ្សព្វផ្សាយ​ពី​នីតិវិធី ឯកសារ​ពាក់​ព​ន្ធ័ ជូន​ប្រជាពលរដ្ឋ​១៥០​គ្រួសារ ក្នុងចំណោម​៣៨៤​គ្រួសារ មកពី​ភូមិ​ដើម​គរ និង​ព្រែក​តាសេក ក្នុង​សង្កាត់​ព្រែក​តាសេក ដើម្បី​ឲ្យ​ពួកគាត់​ត្រៀមលក្ខណៈ​ឲ្យ​រួចរាល់​សម្រាប់ ការទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់ នៅ​ដែល​អាជ្ញាធរ និង​មន្ត្រី​សូ​រិ​យោ​ដី ចុះ​វាស់វែង ចាប់ពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៦​ខាងមុខនេះ​តទៅ ។​

​ការចុះ​ផ្សព្វផ្សាយ​នេះ ធ្វើឡើង​បន្ទាប់ពី លោក ឃ្លាំង ហួត ​អភិបាលខណ្ឌ​ជ្រោយចង្វារ ចេញ​សេចក្តីជូនដំណឹង​មួយ​ចុះ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ ស្តីពី​ការចុះ​ប្រមូល​ទិន្នន័យ វាស់វែង​បំពេញ​សលាក​ប័ត្រ​ក្បាលដី ដើម្បី​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ភូមិ​ចាស់ និង​ទីតាំង​ដី​ស្ថិតនៅក្នុង​បរិវេណ​១០០​ម៉ែត្រ ពី​អ័ក្ស​ផ្លូវជាតិ​លេខ​៦ ព្រមទាំង​ផ្លូវ​ទន្លេសាប​។​

​ប្រជាពលរដ្ឋ​ដែល​ត្រូវ​វាស់វែង​ដីធ្លី​ឃ្វៀល ចេញពី​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ មាន​៣​សង្កាត់ គឺ​សង្កាត់​ជ្រោយចង្វារ សង្កាត់​ព្រែកលៀប និង​សង្កាត់​ព្រែក​តា​សែក​។ ការ​វាយ​វែង​ជំ​ហ៊ាន​ដំបូង គឺ​ចាប់ផ្តើម​អនុវត្ត នៅ​សង្កាត់​ព្រែក​តាសេក​មុនគេ ចាប់ពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៦​តទៅ​។​
​នៅ​ព្រឹក​នេះ លោក ឃ្លាំង ហួត បាន​សំណេះសំណាល និង​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ១៥០​គ្រួសារ ក្នុងចំណោម​៣៨៤​គ្រួសារ នៅ​សង្កាត់​ព្រែក​តាសេក ដែល​ត្រូវ​ឃ្វៀល​ដី​ចេញពី​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វារ ដើម្បី​ឲ្យ​ពួកគាត់​ត្រៀមលក្ខណៈ​ឲ្យ​បាន​រួចរាល់ ទាំង​សំណុំ​ឯកសារ និង​ពេលវេលា ដើម្បី​ចូលរួម​ក្នុងការ​វាស់វែង ទទួលយក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ស្របច្បាប់​។​

​ក្នុង​បរិយាកាស​ដ៏​ស្និត​ស្នាល​រវាង​អាជ្ញាធរ​ខណ្ឌ និង​ប្រជាពលរដ្ឋ​នៅ​ព្រឹក​នេះ លោក ឃ្លាំង ហួត បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ អំពី​ការយកចិត្តទុកដាក់ ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា ហើយ​តែងតែ​គិតគូរ​ដល់​ផលប្រយោជន៍​របស់​ប្រជាជន​ជានិច្ច​។ ជាក់ស្តែង​ការគិតគូរ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ស្របច្បាប់​នេះ​ជាដើម​។​

​ក្នុង​ទឹកមុខ​រីករាយ​ប្រជាពលរដ្ឋ​ទាំងអស់ បាន​សម្តែង​នូវ​ក្តីសប្បាយ​ចិត្ត នៅពេលដែល​អាជ្ញាធរ​រៀបចំ​វាសវែង ផ្តល់​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ហើយ​សង្ឃឹម និង​ជឿជាក់​លើ​រាជរដ្ឋាភិបាល យ៉ាងពិត​ប្រាកដ​៕

ចំនួនអ្នកទស្សនា

    20218397

  • ថ្ងៃនេះ451
  • ម្សិលមិញ7271
  • សប្តាហ៍នេះ19921
  • ខែនេះ7731
  • ឆ្នាំនេះ990951
  • សរុប20218397