រាជធានីភ្នំពេញ ៖ ដោយមានការជួយឧបត្ថម្ភពីក្រុមហ៊ុនចិន អាជ្ញាធររាជធានីភ្នំពេញមានគម្រោងបំពាក់កាមេរ៉ាសុវត្ថិភាព បន្ថែមឱ្យបានចំនួន៦០០គ្រឿងនៅទូទាំងរាជធានីភ្នំពេញក្នុងឆ្នាំ ២០១៦ ដើម្បីគ្រប់គ្រងបទល្មើសនានា និងការគ្រប់គ្រងសណ្តាប់ធ្នាប់ចរាចរណ៍ផងដែរ ស្របពេលដែលបញ្ហាចរាចរណ៍នៅកម្ពុជា កំពុងត្រូវបានរឹតបន្តឹង ។
កាលពីព្រឹកថ្ងៃទី១៦ ឧសភា ២០១៦ នៅសាលារាជធានីភ្នំពេញ បានកោះប្រជុំជាមួយតំណាងក្រុមហ៊ុន ZTE ដែលជាក្រុមហ៊ុនទទួលដំឡើងកាមេរ៉ាសុវត្ថិភាព និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទ ដើម្បីជំរុញ និងពន្លឿនធ្វើយ៉ាងណា ឱ្យការងារនេះរួចរាល់នៅដំណាច់ឆ្នាំ២០៦នេះ ដែលកិច្ចប្រជុំនេះ ស្ថិតក្នុងអធិបតីភាពឯកឧត្តមប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ៕