រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខសហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ខណ្ឌសែនសុខចុះបង្ក្រាប និងចាប់ខ្លួនបាន២០នាក់ទៀតហើយកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខមន្ទីរពេទ្យព្រះកុសុមៈ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
យោងតាមអនុសាសន៍របស់រាជរដ្ឋាភិបាល ភូមិ-ឃុំមានសុវត្ថិភាព ក្រោមការដឹកនាំកម្លាំងផ្ទាល់ពីលោក អធិការនគរបាលខណ្ឌសែនសុខ សហការជាមួយសាលាខណ្ឌសែនសុខ បានដឹកនាំកម្លាំងបើកយុទ្ធនាការចុះបង្ក្រាបអ្នកប្រើប្រាស់គ្រឿងញៀន បានចំនួន២០នាក់(ប្រុសទាំងអស់)ក្នុងភូមិកើតហេតុខាងលើ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត រួចនាំខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការស្រាវជ្រាវរកសារធាតុញៀន និងធ្វើឯកសារកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។
គួរកត់សម្គាល់ផងដែរថា ទីតាំងខាងលើនេះទោះបីជាសមត្ថកិច្ចចម្រុះគ្រប់ជាន់ថ្នាក់ចុះបង្ក្រាប ជាបន្តបន្ទាប់យ៉ាងណាក៏ដោយក៏នៅតែមានក្រុមក្មេងដែលតែងតែគេចពី ផ្ទះមកប្រមូលផ្តុំ គ្នាពពាក់ពពូនសម្ងំជក់ថ្នាំញៀននៅតែមានដដែល ៕