​លោក ប៉ឹ​ល កុសល អញ្ជើញ​ចែក​សៀវភៅ​គ្រួសារ និង​អត្តសញ្ញាណ ជូន​ពលរដ្ឋ​១៨៣​នាក់​

17-May-2016 | ដោយ មែន កំសត់



​ភ្នំពេញ ៖នៅ​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៦​នេះ លោក ប៉ឹ​ល កុសល អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ​បាន​អញ្ជើញ​ចុះមក​ចែក​សៀវភៅ​ស្នាក់នៅ និង​អត្តសញ្ញាណប័ណ្ណ ជូន​ប្រជាពលរដ្ឋ​ចំនួន​១៨៣​នាក់ នៅក្នុង​ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ  ដោយមាន​ការចូលរួម​ហែហម​អមដំណើរ​ដោយ​លោក​អភិបាលរង លោក​ចៅសង្កាត់ នាយប៉ុស្តិ៍ អាវុធហត្ថនិង​មន្ត្រី​សាលាខណ្ឌ សង្កាត់ មេភូមិ ​ជាច្រើនរូប​ទៀត​។​

​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ ដោយ​ការ​សំណេះសំណាល សួរសុខទុក្ខ និង​បង្កើន​ការទំនាក់ទំនង​នៅក្នុង​ពិធី​នោះ  លោក ប៉ឹ​ល កុសល ​អភិបាលខណ្ឌ​បាន​មានប្រសាសន៍ថា មនុស្ស​គ្រប់រូប​ក្នុង​សម័យនេះ ចាំបាច់​ណាស់ ត្រូវមាន​លេខ​សំគាល់​ខ្លួន ឬ​ឯកសារ​សំគាល់​ខ្លួន​តាំងពី​កើត រហូតដល់​ស្លាប់ ដែល​ឯកសារ​ទាំងនោះ រួមមាន​៤​ប្រភេទ​ដូចជា – ១/ សំបុត្រកំណើត ឬ​លិខិតអត្រានុកូលដ្ឋាន ,២/ លិខិត​អាពាហ៍ពិពាហ៍​, ៣/ លិខិត​មរណភាព , ៤/ សៀវភៅ​ស្នាក់នៅ និង​អត្តសញ្ញាណ​ប័ណ្ណសំគាល់ខ្លួន​។​

​លោក​អភិបាល​បាន​បញ្ជាក់ថា អត្តសញ្ញាណប័ណ្ណ គឺជា​លេខ​សំគាល់​ខ្លួន​របស់​យើង ដូច​យានយន្ត​ដែរ ហើយ​អត្តសញ្ញាណប័ណ្ណ​ស៊េរី​ថ្មី​នេះ​គឺ​វា​ទំនើប​ណាស់ លេខ​ក្នុង​អត្តសញ្ញាណប័ណ្ណ​គឺជា​លេខ​សំគាល់​របស់​យើង​ម្នាក់ ហើយ​ក្នុង​លេខ​កូដ​អត្តសញ្ញាណប័ណ្ណ​នោះ វា​បាន​កត់ត្រា​ឯកសារ​ជីវប្រវត្តិ​រស់នៅ​របស់​យើង​ទាំងអស់​។ យើង​ចង់​រកស៊ី ប្រកបការងារ​អ្វីមួយ ឬ​ធ្វើដំណើរ​ទៅ​ប្រទេសក្រៅ និង​កិច្ចការ​ធំៗ​ផ្សេងៗ ជាពិសេស​ក្នុងពេល​បោះឆ្នោតជាតិ ដើម្បី​សម្រេច​វាសនា​អនាគត​នៃ​ប្រទេសជាតិ​យើង បើ​គ្មាន​អត្តសញ្ញាណប័ណ្ណ​គឺ​មិនអាច​បោះឆ្នោត​បានឡើយ ពោលគឺ​បើ​គ្មាន​អត្តសញ្ញាណ​ប័ណ្ណសំគាល់ខ្លួន មិនអាច​ធ្វើ​អ្វី​បាន​នោះទេ គេ​មិន​ទទួលស្គាល់​យើង​ឡើយ​។ លោក​អភិបាល​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ជួយ​ផ្សព្វផ្សាយ​ឲ្យ​រូតរះ មក​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណសំគាល់ខ្លួន​ជា​សញ្ជាតិ​ខ្មែរ​។​

​ក្រៅពី​ការ​សំណេះសំណាល​ពន្យល់​ឲ្យ​ប្រជាពលរដ្ឋ​យល់ដឹង​អំពី​ផលប្រយោជន៍ តម្លៃ​នៃ​អត្តសញ្ញាណប័ណ្ណ​រួចមក លោក​អភិបាល ក៏បាន​ព្រមាន​ដល់​លោក​ចៅសង្កាត់ និង​លោក​មេភូមិ ទាំងអស់ មេត្តា​ចេះ​យកចិត្តទុកដាក់ ចំពោះ​ប្រជាជន​ក្នុង​មូលដ្ឋាន​ធ្វើការ បម្រើ ទំនាក់ទំនង​ល្អ ជាមួយ​ពួកគាត់ ត្រូវ​ចេះ​សំពះ​គោរព​ពួកគាត់ ព្រោះ​ប្រជាជន ជា​ម្ចាស់ឆ្នោត​របស់​អស់លោក នាពេល​កន្លងមក​។​

​លោក សឿន សួ ចៅសង្កាត់​ក្រាំងធ្នង់​បាន​ឡើងរាយការណ៍​ជូន​គណៈអធិបតី​ក្នុង​ពិធី​នោះ​ថា កន្លងមក​មាន​ប្រជាជន​ចំនួន​៥៩០៩​នាក់ បានទទួល​អត្តសញ្ញាណ​ប័ណ្ណ ហើយ​បូក​រួមទាំង​ពេលនេះ​ចំនួន​១៨៣​នាក់​ទៀត សរុប​កើន​ដល់​ចំនួន ៦០៩៣​នាក់​។ លោក​បាន​បន្តថា នៅមាន​ប្រជាជន ដែល​អាយុ​គ្រប់គ្រាន់ ត្រូវធ្វើ​អត្តសញ្ញាណប័ណ្ណ​ចំនួន ១៧៧២​នាក់​ទៀត ដែល​មិនទាន់បាន​ចុះឈ្មោះ​ធ្វើ​។​
​ក្រោយពី​បញ្ចប់​ការចែក​សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ ជូន​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ក្រាំងធ្នង់ លោក​អភិបាល បាន​អញ្ជើញ​ត្រួតពិនិត្យ​មើលផ្លូវ ដែលមាន​បញ្ហា​រំលោភបំពាន ត្រូវ​រក​វិធី​ដោះស្រាយ និង​ការពិនិត្យ​មើលផ្លូវ ដែល​កំពុង​ស្ថាបនា និង​ដាក់​ប្រព័ន្ធ​លូ​ថ្មី​ទៀត នៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​៕

ចំនួនអ្នកទស្សនា

    20217727

  • ថ្ងៃនេះ7061
  • ម្សិលមិញ2931
  • សប្តាហ៍នេះ19251
  • ខែនេះ7061
  • ឆ្នាំនេះ990281
  • សរុប20217727