​ល្បែង​ជល់​មាន់​កំពុងតែ​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​រាល់ថ្ងៃ​គ្មាន​សមត្ថកិច្ច​បង្ក្រាប​

18-May-2016 | ដោយ មែន កំសត់


​កណ្ដាល ៖ ល្បែង​ជល់​មាន់​កំពុងតែ​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​រាល់ថ្ងៃ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្បែរ​វត្ត​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្ដាល​។​

​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា សង្វៀន​ប្រជល់មាន់​ខាងលើនេះ បាន​បើក​ដំណើរការ​ជិត​មួយខែ​មកហើយ ឃើញ​មាន​ក្រុម​អ្នកញៀន​ល្បែង​មកលេង​យ៉ាងច្រើន​ណែន​តាន់តាប់​មកពី គ្រប់ទិសទី​សុទ្ធតែ​ជិះ​រថយន្ត​ស៊េរី​ទំនើបៗ កាន់​លុយ​ពេញៗ​ដៃ មកលេង​ភ្នាល់​ដាក់​១​គូ ចាប់ពី ៥០០​ដុល្លារ រហូតដល់​៥០០០​ដុល្លារ​។ ដូច្នេះ​ក្នុង​មួយថ្ងៃ​មាន​អ្នកចាញ់ និង​ឈ្នះ​រាប់ម៉ឺន​ដុល្លារ​ឯណោះ​។ ប្រជាពលរដ្ឋ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ម្ចាស់​សង្វៀន​ជល់​មាន់ ដែល​ហ៊ាន​បើក​លេង​ជា​ចំហ​នេះ មានឈ្មោះ ថៃ ម៉ាប់ និង​ឈ្មោះ ពាង ពួក គេ​មាន​ខ្សែបណ្តាញ​ធំៗ នៅ​ពីក្រោយ​ជាច្រើន​គឺ​រង់ចាំ​ការពារ​ជានិច្ច សូម្បីតែ​អាជ្ញាធរ​មូលដ្ឋាន មិន​ហ៊ាន​ក្អក​ជាមួយ​ផង ហើយ​តាំងពី​មាន​ល្បែង​ជល់​មាន់​នេះ​កាលណា​មក ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅក្បែរនោះ​មានការ​ព្រួយបារម្ភ​ភ័យខ្លាច គ្រប់បែបយ៉ាង ពីព្រោះ​ក្រុម​អ្នកញៀន​ល្បែង​ទាំងនោះ​សម្បូរ​ទៅដោយ​អ្នកមាន​លុយ​មានអំណាច ស្រែក​ហ៊ោកញ្ជ្រៀវ​ទ្រហឹងអឺងកង ពេលខ្លះ​មានការ​ឈ្លោះប្រកែក​វាយតប់​គ្នា​យ៉ាង​អនាធិបតេយ្យ​ទៀតផង​។​

​ដោយឡែក​ប្រជាពលរដ្ឋ​ដែលជា​ពុទ្ធបរិស័ទ និង​ព្រះសង្ឃ​គង់នៅ​វត្ត​ខ្សាច់​បាននាំគ្នា​រអ៊ូរទាំ​ថា ល្បែង​ជល់​មាន់ ដែល​បើក​លេង​នៅក្បែរ​វត្ត​រាល់ថ្ងៃនេះ នឹងធ្វើ​ឲ្យ​ព្រះពុទ្ធសាសនា​អាប់ឱន​ធ្លាក់ចុះ អស់​ដំនឿ មិនខានឡើយ ដោយសារ​ក្រុម​អ្នកញៀន​ល្បែង​ទាំងអស់នេះ​។​
​ពួកគាត់​បាននាំគ្នា​រង់​ចាំមើល​ចំណាត់ការ​របស់​អាជ្ញាធ​រ​មាន​សមត្ថកិច្ច ថ្នាក់លើ ពិសេស​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្តាល ដែល​ឡើងកាន់តំណែង​សព្វថ្ងៃ ហ៊ាន បិទ​បន​ល្បែង​ពាលា​អាវ៉ាសែ ខាងលើនេះ បានដែរ​ឬទេ​។ ប៉ុន្តែ​បើ​មិន​ហ៊ាន ឬក៏​គ្មាន​សមត្ថភាព ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ពិតជា​អស់ជំនឿ​ហើយ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​បើក​សង្វៀន​ជល់​មាន់​ខាងលើនេះ លោក​អធិការនគរបាល​ស្រុក​ល្វាឯម បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា រាល់ថ្ងៃ​គាត់​មិន​ហ៊ាន​ទៅ​ក្បែរ​ទីនោះ​ឡើយ និយាយ​ប៉ុណ្ណឹង​គួរ​យល់​ហើយ​៕


ចំនួនអ្នកទស្សនា

    20218447

  • ថ្ងៃនេះ501
  • ម្សិលមិញ7271
  • សប្តាហ៍នេះ19971
  • ខែនេះ7781
  • ឆ្នាំនេះ991001
  • សរុប20218447