ភ្នំពេញ ៖ លោក ទៀវ សំអឿន អភិបាលរងខណ្ឌសែនសុខ ជាតំណាងរបស់ លោក ប៉ឹល កុសល អភិបាលខណ្ឌ បានដឹកនាំមន្ត្រីមកត្រួតពិនិត្យតាមយានដ្ឋានជួសជុលរថយន្តនានា ដែលសង្ស័យថា គ្មានច្បាប់អាជីវកម្ម និងបានបង្កភាពគ្មានសណ្ដាប់ធ្នាប់តាមដងផ្លូវ នៅក្នុងសង្កាត់ឃ្មួញ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ តាមការណែនាំរបស់លោកអភិបាលខណ្ឌ។
តាមប្រសាសន៍របស់លោកអភិបាលរងខណ្ឌរូបនេះបានឲ្យដឹងថា ដោយសារមានការប្តឹងផ្តល់ពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋានប្រតិកម្មរឿងម្ចាស់យានដ្ឋានចតរថយន្តធំៗពេញលើ ទ្រូងផ្លូវពិបាកធ្វើដំណើរទើបលោកអភិបាលខណ្ឌ ប៉ឹល កុសល បានណែនាំឲ្យលោកចុះធ្វើការងារនេះ។
នៅក្នុងការចុះត្រួតពិនិត្យនោះ លោក ទៀវ សំអឿន បានណែនាំឲ្យគ្រប់ម្ចាស់យានដ្ឋានទាំងនោះត្រូវ បញ្ឈប់ការធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈ ដែលបង្កឲ្យមានបញ្ហា និងបញ្ហាមួយទៀតម្ចាស់យានដ្ឋានធ្វើអាជីវកម្មទាំងអស់ ត្រូវធ្វើលិខិតធ្វើអាជីវកម្មឲ្យបានត្រឹមត្រូវតាមច្បាប់ ឬបន្តសុពលភាព អាជីវកម្មរបស់ខ្លួនឡើយ បើមានស្រាប់ហើយនោះ ក្នុងករណីដែលម្ចាស់អាជីវកម្មណាមិនគោរពតាមការណែនាំ នៅពេលនេះទេ លោកនឹងប្រើប្រាស់សិទ្ធិក្នុងនាមអាជ្ញាធរនឹងត្រូវចាត់ការតាមច្បាប់ ៕