ភ្នំពេញ ៖ ហាងផឹកស៊ី ខារ៉ាអូខេ ចំនួន៩កន្លែងផ្សេងគ្នា ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យដឹកនាំកម្លាំងចុះបិទ ផ្អាក អាជីវកម្មជាបណ្ដោះអាសន្នដោយឃើញថាបង្កបញ្ហា ច្រើនបែបច្រើនយ៉ាង និងគ្មានច្បាប់ទម្លាប់ អាជីវកម្ម ទើបគណអភិបាល ខណ្ឌពោធិ៍សែនជ័យ សម្រេចឯកភាព ផ្អាកអាជីវកម្ម ជាបណ្ដោះអាសន្ននៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ ។
ហាងចំនួន៩ ដែលត្រូវបិទផ្អាកជាបណ្ដោះអាសន្ន រួមមាន ទី១ ពិភពតន្ត្រី ខារ៉ាអូខេ ទី២ សំនៀងរីករាយ២ ទី៣ រតនៈសោភ័ណ្ឌ ទី៤ ពិភពរីករាយ ទី៥ សោភ័ណ្ឌ ទី៦ សែនអាល័យ ទី៧ ញ៉ូវ ស្កាយ , ទី៨ ប្ល៊ូថោន និងទី៩ ពន្លកថ្មី ១៦៨ ។
ក្នុងកិច្ចប្រតិបត្តិការ ចុះបិទហាងខារ៉ាអូខេ ដែលមានទីតាំងស្ថិតនៅតាមផ្លូវ២០០៤ខាងលើ ដឹកនាំដោយលោក កែវ សុភា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ក្រោមបញ្ជារបស់ លោកហែមដារិទ្ធ អភិបាលខណ្ឌ និងចូលរួមពីកម្លាំងចម្រុះក្នុងខណ្ឌ មន្ត្រី សាលាខណ្ឌ ។
តាមប្រភពពីមន្ត្រីសាលាខណ្ឌ បានឲ្យដឹងថា បន្ទាប់ពីរកឃើញ ហាងផឹកស៊ីខារ៉ាអូខេ ទាំង៩ខាងលើ ពុំមានច្បាប់ទម្លាប់ត្រឹមត្រូវ ហើយកន្លងមក តាមបណ្ដាហាងផឹកស៊ីទាំងនោះ ភ្ញៀវ កើតមានទំនាស់ បង្កឲ្យអសន្តិសុខក្នុងមូលដ្ឋាន ទោះជាអាជ្ញាធរ ដាស់តឿន ធ្វើយ៉ាងណា រក្សាសន្តិសុខ សុវត្ថិភាព ក្នុងមូលដ្ឋាន ទីតាំងរបររកស៊ី ក៏ដោយ ឃើញថានៅបង្កភាព អប្បជនាធិបតេយ្យដដែល ទើបគណៈបញ្ជាការឯកភាពខណ្ឌ មានលោក ហែម ដារិទ្ធ ជាគណអភិបាលខណ្ឌ សម្រេចបិទហាងខាងលើ ជាបណ្ដោះអាសន្ន រង់ចាំសម្រេច នៅវេលាណាមួយ ទើបអនុញ្ញាតបើកអាជីវកម្មវិញបាន ៕