កណ្ដាល ៖ មានការភ្ញាក់ផ្អើលថ្មីៗនេះ ខណៈគេឃើញឈ្មួញកួកជេដីយកបង្គោលទៅបោះព្រំដី ដែលជាដីសាធារណៈរបស់រដ្ឋ(ដីបឹង)ចំនួន១ហិកតា ហើយអះអាងឲ្យដឹងថា លោកមេឃុំស៊ីធរលក់ឲ្យពួកគេ(ឈ្មួញ)តម្លៃ៨០០០ដុល្លារទៀតផង។
ដីបឹងសាធារណៈរបស់រដ្ឋ ដែលគេចោទលោកមេឃុំស៊ីធរថាលក់ឲ្យឈ្មួញនោះ ឈ្មោះ«បឹងការអន » ស្ថិតនៅក្រោយ ភូមិទួលពង្រ ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ប្រភពពីឈ្មួញអ្នកទិញដីបឹងនោះបានឲ្យដឹងថា លោកពិតជាបានទិញដីនោះមែនក្នុងតម្លៃ ជាង ៨០០០(ប្រាំបីពាន់ដុល្លារ) ពីលោកមេឃុំស៊ីធរ ឈ្មោះភឹម សុផាត។
លោកអ៊ុំឈ្មោះ ផាត់ ចក ដែលជាអ្នកដាំឈូកនៅដីនោះបានឲ្យដឹងថា ដីនោះជាដីអាករឃុំរបស់រដ្ឋមិនមែនជាដីកម្មសិទ្ធិបុគ្គលណា ម្នាក់ឡើយ ហើយលោកអ៊ុំតែងតែជួលដីនោះ យកមកដាំឈូកពីលោកមេឃុំជារៀងរាល់ឆ្នាំ តាំងពីមេឃុំមុនៗមកម្ល៉េះ ដោយកំណត់៥ឆ្នាំបង់លុយម្ដងក្នុងតម្លៃជាង២០០០ ០០០រៀល (ពីរលានរៀល)ឲ្យទៅលោកមេឃុំ។ គាត់បន្តទៀតថា ពេលនេះ លែងបានជួលទៀតហើយ ព្រោះលោកមេឃុំលក់ឲ្យឈ្មួញដាច់ហើយ។ បើមានមេឃុំណាក្រោយឡើងថ្មីគឺលែងមានដីជួលឲ្យគាត់ទៀតហើយ ព្រោះលោកមេឃុំលក់ស្ងាត់បាត់ហើយនឹង។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ លោក ភឹម សុផាត មេឃុំស៊ីធរបានប្រាប់អ្នកសារព័ត៌មានថាលោកពិតជាបានលក់ដីនោះមែន គឺយកលុយមកធ្វើរបងសាលាឃុំ និងជួសជុលសាលាឃុំ។ លោកបញ្ជាក់ថា ការលក់ដីបឹងនេះ មានការអនុញ្ញាតពីថ្នាក់លើដែរ។
លោកសឹង្ហ គីលីម អភិបាលរងស្រុកខ្សាច់កណ្ដាលបានឲ្យដឹងតាមទូរស័ព្ទថា លោកមិនបានដឹងទេ រឿងមេឃុំលក់ដីបឹងនោះថ្លៃប៉ុន្មានយកលុយធ្វើអីក៏មិនដឹងដែរ។ ចំណែកលោក គង់ សោភ័ណ្ឌ អភិបាលស្រុកខ្សាច់កណ្ដាលបាននិយាយថា លោកមិនបានដឹងទេ រឿងមេឃុំលក់ដី ទើបអ្នកកាសែតសួរទើបដឹង ហើយលោកបន្តយ៉ាងដូចនេះថា តើលោកមេឃុំលក់ដីនោះ ឆ្លងយោបល់ថ្នាក់លើមួយណា ហើយថ្នាក់លើមួយណានាក់អនុញ្ញាតឲ្យលក់ សួរមេឃុំឲ្យច្បាស់ផង ដីនោះគឺជាដីសាធារណៈរបស់រដ្ឋ។
បើតាមមន្ត្រីសាលាឃុំស៊ីធរបង្ហើបប្រាប់ឲ្យដឹងថា ក្រោយពីបែកធ្លាយរឿងលក់ដីបឹងមិនឲ្យថ្នាក់លើដឹង លោកមេឃុំស៊ីធរនិយាយថា ពួកគាត់ និងក្រុមប្រឹក្សាឃុំជាអ្នកសម្រេចលក់តែម្ដង។
សូមបញ្ជាក់ផងដែរថា ដីធ្លី ដីនៅឃុំស៊ីធរជាច្រើនកន្លែងដែលជាប់ពាក់ព័ន្ធ និងមានទំនាស់ ដោយសារដីមួយកន្លែងមានលិខិតបញ្ជាក់កម្មសិទ្ធិ៣ទៅ៦ត្រួតគ្នាឯណោះ ជាក់ស្ដែងដូចជាដីមានទំនាស់ដល់តុលាការ ដែលស្ថិតនៅភូមិព្រៃបាំង ឈ្មោះ ង៉ុយ យ៉េន ដីតែមួយកន្លែង តែលិខិតបញ្ជាក់មានច្រើនលើកធ្វើឲ្យសាមីខ្លួនទៅចងការប្រាក់ពី ធនាគារ និងឯកជនជាច្រើនស្ថាប័ន រហូតអស់ផ្ទះនិងដីដោយតុលាការរឹបអូសដើម្បីសងម្ចាស់បំណុល ហើយថ្មីៗនេះក៏មានទំនាស់ដីធ្លីនៅវត្តព្រៃបាំងទៀតផង ហើយបានបែកធ្លាយ លិខិតដែល លោកមេឃុំចេញសេចក្ដី បញ្ជាក់កម្មសិទ្ធិឲ្យទៅឈ្មោះ អេង ចំរើន ទាំងដឹងថា ជាដីរបស់វត្តផងនោះ៕