ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ លោក ហួរ ហួត ចៅសង្កាត់ព្រែកប្រា បានចេញសេចក្តីជូនដំណឹងដល់ ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន បានឲ្យដឹងថា ពាក់ព័ន្ធបញ្ហាទឹកដក់លិចផ្លូវបេតុងមួយខ្សែ ស្ថិតនៅក្នុងភូមិសាស្ត្រ បុរីកំសាន្ត ខាងជើងវត្តកំសាន្ត ភូមិព្រះពន្លា, ខាងរដ្ឋបាលសាលាសង្កាត់ បានធ្វើការស្តារ និងបូមប្រព័ន្ធលូជាបន្តបន្ទាប់ ដើម្បីកុំឲ្យមានការកកស្ទះប្រព័ន្ធលូ និងលិចផ្លូវបេតុង ប៉ុន្តែបញ្ហាទឹកដក់ និងលិចលើផ្លូវបេតុង នៅតែឃើញដដែល ដែលបណ្តាលមកពីដំណើរការស្ថាបនាប្រព័ន្ធលូជ្រុង និងក្រាលបេតុងខាងលើ នៅការដ្ឋានព្រែកបារាំង។
នៅក្នុងសេចក្តីជូនដំណឹងរបស់លោក ហួរ ហួត ចៅសង្កាត់ព្រែកប្រា បានបញ្ជាក់ថា «នៅក្នុងពេលដំណើរការស្ថាបនាប្រឡាយព្រែកបារាំងនេះ យើងមិនអាចបង្ហូរទឹកបានឡើយ ត្រូវរង់ចាំការធ្វើប្រព័ន្ធលូ និងធ្វើផ្លូវបេតុងប្រឡាយព្រែកបារាំងរួចរាល់ជាស្ថាពរ១០០% នោះ បងប្អូនលែងមាន បញ្ហាលិចផ្លូវបេតុងនេះតទៅទៀតទេ។ អាស្រ័យហេតុនេះ សូមបងប្អូនទាំងអស់មេត្តាជ្រាប និងយោគយល់ដោយក្តីអនុគ្រោះ»៕