រាជធានីភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញប្តេជ្ញារកដៃគូ មកវិនិយោគគម្រោងកែច្នៃសំរាមបំលែង ទៅជាប្រភពថាមពលអគ្គិសនី មិនឱ្យផុតចុងឆ្នាំ២០១៦នេះឡើយ ខណៈដែលសំរាមនៅទីលានកំពុងចោទជាបញ្ហាពេញណែន បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការបំពុលបរិស្ថាន។ ដោយសារតែក្នុងមួយថ្ងៃមួយៗ សម្រាប់ដែលបានដឹកចេញពីរាជធានីភ្នំពេញ ដឹកទៅកាន់ទីលានចាក់សំរាមដង្កោចន្លោះពី១៨០០តោន ទៅ២០០០តោន។ ចំនួននេះមិនទាន់រាប់បញ្ជូនសំរាមរបស់ប្រជាពលរដ្ឋក្នុងសង្កាត់ ជាយក្រុងចំនួន២០ ដែលកាត់ចេញពីខេត្តកណ្តាលនៅឡើយទេ។
កាលពីព្រឹកថ្ងៃទី១៩ ខែឧសភាឆ្នាំ២០១៦ នៅសាលារាជធានីភ្នំពេញបានបើកកិច្ចពិភាក្សាស្តីពីបញ្ហាកែច្នៃសំរាម នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញ។លោកអភិបាលរាជធានីបាន មានប្រសាសន៍ថា ការឈានទៅប្តេជ្ញាបានដូច្នេះ បន្ទាប់ពីមន្ត្រីជំនាញបានសំរិតសំរាំងរកឃើញក្រុមហ៊ុនវិនិយោគមួយ ឈ្មោះChina National Environmental Protection Group ក្នុងចំណោមក្រុមហ៊ុនវិនិយោគចំនួន៣ដែល មានលក្ខខណ្ឌល្អអាច ឈាន ទៅចាប់ដៃគូវិយោគរួមគ្នាបាន។
លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថាសម្រាប់លក្ខខណ្ឌដែលអាចទទួលយកបាននេះក្រុមហ៊ុនមាន ជំហរស្មោះត្រង់ចង់ធ្វើការវិនិយោគពិតប្រាកដមិនដូចក្រុមហ៊ុនមួយចំនួន សិក្សារួចត្រលប់ទៅវិញឬចង់ធ្វើនំអត់ម្សៅលក់គម្រោងសិក្សាទៅអោយ ក្រុមហ៊ុនដទៃ។
លោកបន្តថាម្យ៉ាងទៀតក្រុមហ៊ុននេះធានាទទួល ទិញសំរាមចូលរោងចក្រនិងផលិតជាថាមពលលអគ្គិសនីលក់ទៅឲ្យក្រុមហ៊ុន អគ្គិសនីកម្ពុជាវិញក្នុងតម្លៃសមរម្យមានទុនវិនិយោគខ្ពស់រហូតដល់ជាង ១៩៦លានដុល្លានិងបានដាក់ប្រាក់តម្កល់ចំនួន៣លានដុល្លាហើយក្រោយពី ការវិនិយោគបានរយៈពេល៣៥ឆ្នាំនិងប្រគល់គម្រោងនេះមកអោយរដ្ឋជា អ្នកគ្រប់គ្រងវិញ។
ទោះបីជាយ៉ាងណាក៏ដោយ លោកអភិបាលរាជធានីភ្នំពេញបានអះអាងថា អាជ្ញាធរមិនទាន់សំរេចយ៉ាងណានោះទេ រង់ចាំការពិភាក្សាចុងក្រោយបន្ថែមទៀត ហើយឈានទៅសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលសម្រេច និងអនុមត័ទទួលយកក្រុមហ៊ុននេះ។ លោកបន្តទៀតថា ការដោះស្រាយបញ្ហាសំរាម គឺជាគម្រោងអាទិភាពរបស់រាជធានីភ្នំពេញ ដោយវាមិនត្រឹមតែធ្វើឲ្យទីលានចាក់សំរាមធានាបានគុណភាពអនាម័យ បរិស្ថានល្អមិនប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋរស់នៅវិញនោះប៉ុណ្ណោះទេ ថែមទាំងធានាការប្រមូលសំរាមចេញពីទីក្រុងមានប្រ សិទ្ធិភាពថែមទៀតផង។
ដោយឡែកអ្នកស្រីលីវ ចាង តំណាងក្រុមហ៊ុន China National Environmental Protection Group បានអោយដឹង ថា គម្រោងបង្កើតរោងចក្រកែច្នៃសំរាមទៅជាថាមពលអគ្គីសនីនេះត្រូវការដី ប្រមាណ១០ហិចតាហើយថាមពលដែលផលិតបានក្នុងមួយថ្ងៃចន្លោះ៥៤០.០០០ គីឡូវ៉ាតម៉ោងក្នុងមួយថ្ងៃទៅដល់ ៦៥០.០០០គីឡូវ៉ាតម៉ោងក្នុងមួយថ្ងៃ ចំណែកថាមពលប្រមាន១៦ភាគរយនឹងត្រូវប្រើប្រាស់ក្នុង រោងចក្រផលិតសំរាមនិងកន្លែងរដ្ឋបាល។
អ្នកស្រីបន្តថាក្រៅពី បំលែងសំរាមទៅជាថាមពលអគ្គីសនីរោងចក្រកែច្នៃសំរាមនេះក៏អាចផលិត ទៅជាចំហាយទឹកត្រជាក់និងចំហាយទឹកក្តៅសម្រាប់បំរើអោយវិស័យ ឧស្សាហកម្មតាមរោងចក្រសហគ្រាសនិងកែច្នៃសំរាមទៅជាសំភារៈប្រើប្រាស់ បានឡើងវិញផងដែរ។ អ្នកស្រីបន្ថែមថា ប្រសិនបើមានការឯកភាពពីរាជរដ្ឋាភិបាលហើយនោះ ក្រុមហ៊ុននឹងដឹកនាំប្រតិភូរជំនាញរបស់កម្ពុជា ទៅបំពេញទស្សនៈកិច្ចនៅរោងចក្រផលិតថាមពលអគ្គីសនីដើរដោយសំរាម នៅប្រទេសចិន និងការកសាងរោងចក្រភ្លាមៗឲ្យទាន់សភាពការណ៍៕