ព្រះវិហារ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ សាលាខេត្តព្រះវិហារ បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធប្រជាជន ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។
ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពអភិបាលខេត្ឯកឧត្តម អ៊ុ ម៉ារ៉ា និងមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ ជាសមាជិក សមាជិកា ប្រជាពលរដ្ឋ ប្រមាណជិត១០០០នាក់។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា «រយៈពេលជាច្រើនឆ្នាំ កន្លងផុតទៅហើយក្តី ប៉ុន្តែយើងបិទភ្នែកនឹកស្រម័យតែបន្តិចនោះ របបវាលពិឃាតហាក់នៅដិតដាមថ្មីៗ ហើយដក់ក្នុងក្រអៅបេះដូងពលរដ្ឋខ្មែរគ្រប់រូប ដែលបានឆ្លងកាត់សម័យកាលនោះ ដោយមិនអាចបំភ្លេចបាននូវភាពខ្មៅងងឹត រន្ធត់ ខ្លោចផ្សា និងឈឺចាប់»។
ឯកឧត្តម អ៊ុំ ម៉ារ៉ា បានបន្តទៀតថា «២០ ឧសភា ពេលមុនគឺជាទិវាចងកំហឹង ប៉ុន្តែ២០ ឧសភា ពេលនេះ គឺការរំលឹកគុណូបការៈ និងពិធីបង្សុកូល ឧទ្ទិសមហាកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធ នៃបុព្វបុរសអ្នកស្នេហាជាតិ ព្រះសង្ឃ បញ្ញវន្ត យុទ្ធជន និងប្រជាពលរដ្ឋស្លូតត្រង់ ដែលបានបាត់បង់ជីវិតដោយគ្មានកំហុស ក្នុងរបបខ្មែរក្រហម»៕