កំពង់ធំ៖ ឯកឧត្តមអ៊ុត សំអន អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី២១ ខែឧសភានេះ បានចេញមុខបកស្រាយបំភ្លឺ ជុំវិញការចាក់ដីតំបន់ស្ទឹងព្រៃប្រស់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បន្ទាប់ពីប៉ុន្មានថ្ងៃមកនេះ មានព័ត៌មានចំនួនបានចុះផ្សាយចោទប្រកាន់អជ្ញាធរ។
ឯកឧត្តម បានបញ្ជាក់ថា ទីតាំងនោះជាស្ទឹងព្រៃប្រស់ មិនមែនជាបឹងព្រៃប្រស់ទេ កាលដើមឡើយស្ទឹងព្រៃប្រស់មានតួស្ទឹងតូច ព្រៃដុះតាមមាត់ស្ទឹង និងដុះបណ្តុំខ្លះនៅចំណុចទំនាប។
មូលហេតុដែលធ្វើឲ្យស្ទឹងព្រៃប្រស់ មានវិសាលភាពដូចជាបឹងបច្ចុប្បន្ន គឺការបិទនៅចុងស្ទឹងព្រៃប្រស់ ត្រង់ចំណុចហូរចូលស្ទឹងសែន ហៅថាស្ទឹងតូច ដើម្បីរារាំងកុំឲ្យខ្មែរក្រហមចលនាកំលាំងវាយចូលទីរួមខេត្ត។
ឯកឧត្តមបញ្ជាក់ទៀថា ដីវាលក្រៅពីស្ទឹង និងព្រៃដុះ គឺប្រជាពលរដ្ឋបានធ្វើស្រូវឡើងទឹក (ស្រូវវស្សា) ។ នៅពេលមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីចុះបញ្ជីលក្ខណៈប្រព័ន្ធ និងលក្ខណៈជាដុំផង ប្រជាពលរដ្ឋបានទាមទារ ធ្វើប័ណ្ណកម្មសិទ្ធិ ហើយអាជ្ញាធរបានគាំទ្រសំណើ ប្រជាពលរដ្ឋដោយយោងទៅលើសាវតាកាន់កាប់ដី។ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ ជាមួយការការចូលរួមយោបល់របស់ស្ថាប័នពាក់ព័ន្ធ ដូចជាមន្ទីរធនធានទឹកនិងឧតុនិយម បានរក្សាការពារស្ទឹងធម្មជាតិ ដោយរក្សាទុកចំណីស្ទឹង៥០ ម៉ែត្រពីមាត់ស្ទឹង ក្រៅពីនោះចេញប័ណ្ណកាន់កាប់ដីជូនប្រជាពលរដ្ឋ ។
អភិបាលខេត្តរូបនោះបានឲ្យដឹងថា កន្លងមក ខេត្តធ្លាប់បានហាមឃាត់ ការចាក់ដីរបៀបនេះរួចម្តងហើយ ពេលនេះម្ចាស់កម្មសិទ្ធិបានធ្វើការតវ៉ា ដោយភ្ជាប់ប័ណ្ណសម្គាល់សិទ្ធិមកជាមួយ ពេលនោះខេត្តបានចាត់តាំងក្រុមការងារ ចុះធ្វើការផ្ទៀងផ្ទាត់ឯកសារកាន់កាប់ដី ហើយបានឆ្លងគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ និងបានកំណត់ដែន ឲ្យប្រើប្រាស់ហើយមិនបានឲ្យធ្វើតាម ទំហំប្លង់សុរិយោដីទាំងស្រុងនោះទេ ចំណែកកន្លែងចាក់ដីបច្ចុប្បន្នមិន លើសពីអ្វីដែលគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋបានកំណត់នោះទេ គឺនៅចម្ងាយពីមាត់ស្ទឹងព្រៃប្រស់ច្រើនជាងការកំណត់ចំណីស្ទឹង៕