ត្បូងឃ្មុំ៖នៅ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រកាស តែងតាំងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរស័ក្តិ ជូនដល់នាយទាហាន នាយទាហានរង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ព្រមទាំងមានការចូលរួម ពីអស់លោកជាមេបញ្ជាការរង នាយសេនាធិការង ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ និងមេបញ្ជាការក្រុង/ស្រុកទាំងអស់ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចំនួនចូលរួម៦៤នាក់ ក្នុងនោះប្រកាសមុខតំណែង៥នាក់ និងបំពាក់ឋានន្តរស័ក្តិចំនួន៣៧នាក់។
លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ បានក្រើនរំលឹកដល់អាវុធហត្ថនៅក្រោមឱវាទ ឲ្យអនុវត្តការងារទៅតាមតួនាទីភារកិច្ច ចេះប្រើប្រាស់ព័ត៌មានវិទ្យា និងបានណែនាំឲ្យមន្ទីរជំនាញ តាមដាននិងក្តាប់សភាពការ ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានច្បាស់លាស់ ដើម្បីឈានទៅបង្ក្រាបបទល្មើស ដែលកើតឡើងឲ្យមានប្រសិទ្ធភាព។
លោកឧត្តមសេនីយ៍មេបញ្ជាការ ក៏បានណែនាំដល់ មេបញ្ជាការតាមបណ្តាស្រុក និងស្នាក់ការ ធ្វើយ៉ាងណាសហការឲ្យបានល្អជាមួយភូមិឃុំ និងប្រជាការពារភូមិ ដើម្បីងាយស្រួលក្នុងការតាមដានសភាពការណ៍ និងបង្ក្រាបបទល្មើសដែលកើតមានឡើង នៅក្នុងភូមិសាស្ត្ររបស់ខ្លួន។
លោកក៏បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ពង្រឹងបន្ថែមនូវស្មារតីសាមគ្គីភាព ក្នុងអង្គភាពឲ្យបានល្អ រក្សាឲ្យបាននូវឆន្ទៈក្នុងការការពាររដ្ឋធម្មនុញ្ញ និងបេ្ដជ្ញាអនុវត្តគ្រប់វិធានការ ទប់ស្កាត់ឲ្យបាននូវរាល់ទម្រង់ នៃការធ្វើបដិវត្តន៍ពណ៌ ដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៕