រាជធានីភ្នំពេញ ៖បន្ទាប់ពីមានកំណើនចរាចរណ៍ឆ្លងកាត់ច្រើនពិសេសរថយន្តធុនធំនៅថ្ងៃទី២០ឧសភា ឆ្នាំ ២០១៦ ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមន្ត្រីជំនាញបានចុះទៅពិនិត្យមើលស្ថានភាពជាក់ស្ដែងផ្លូវនោះ ។លោក សាំ ពិសេដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជួនរាជធានីភ្នំពេញ បានឲ្យដឹងក្រោយពីការពិនិត្យថា នៅចំណុចរង្វង់ប្រសព្វផ្លូវជាតិលេខ២ និងផ្លូវលេខ ២១៧ឬផ្លូវព្រែកជ្រៃនេះចាំបាច់ត្រូវតែរៀបចំកែលំអព្រោះថា បច្ចុប្បន្ននេះ តំបន់នេះចំនួន ការធ្វើដំណើរឆ្លងកាត់មានកាន់តែច្រើនពិសេសរថយន្តធន់ធំឆ្លងកាត់។
លោកបន្តថា ចំណុចរង្វង់មូលដីក្រហមជាតិលេខ២ផ្លូវលេខ ២១៧និងផ្លូវលេខ២០អាគឺជាចំណុចប្រសព្វ ដែលជាព្រំប្រទល់រវាងខេត្តកណ្តាលជាមួយរាជធានីភ្នំពេញ។
លោក សាំ ពិសិដ្ឋ ឲ្យដឹងទៀតថា តាមគម្រោងសាលារាជធានីភ្នំពេញ នឹងពង្រីកផ្លូវនៅជុំវិញរង្វង់មូលឲ្យបានចាប់ពី២២ម៉ែត្រទៅដល់២៥ ម៉ែត្រ ដោយចាក់បេតុង ដើម្បីសម្រួលចរាចរដ៏មមាញឹកនៅចំណុចនេះ។
ដោយឡែករង្វង់មូលគឺទុកនៅដដែល ប៉ុន្តែសាលារាជធានីភ្នំពេញនឹងសាងសង់រូបសំណាកអប្សរាធំមួយដែលសាង សង់ឡើងពីថ្មភ្នំដាក់នៅចំកណ្ដាលរង្វង់មូលតែម្តង ហើយគ្រោងនឹងចាប់ដំណើរការនាពេលឆាប់ៗនេះហើយ។គួរបញ្ជាក់ថា ចំណុចប្រសព្វរង្វង់មូលដីក្រហមផ្លូវជាតិលេខ២ និងផ្លូវព្រែកជ្រៃ គឺជាផ្លូវក្រវាត់ក្រុងដែលជួយបញ្ចៀសការកកស្ទះចរាចរនៅក្នុងក្រុង ជាពិសេសរថយន្តធុនធំ រថយន្តដឹកទំនិញទៅមករវាងរាជធានីភ្នំពេញទៅតាមបណ្ដាខេត្តនានាតាម ផ្លូវជាតិលេខ ២ និង លេខ៣នាប៉ែកខាងត្បូង និងខាងលិចរាជធានីភ្នំពេញ។ការពង្រីកផ្លូវ និងកែលំអរង្វង់មូលដីក្រហមនេះធ្វើឡើង ខណៈដែលកំណាត់ផ្លូវជើងឯកចាប់ពីស្ទឹងមានជ័យដល់មុខសាលាខណ្ឌដង្កោ បានស្ថាបនារួច នៅសល់តែការកែលំអបន្តិចបន្តួចទៀតតែប៉ុណ្ណោះ៕