ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ នៅសាលប្រជុំសាលាគរុកោសល្យខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តបានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនអ្នករត់ម៉ូតូឌុប និងរ៉ឺម៉កកង់បីចំនួន២៨០នាក់ មកពីស្រុកទ្រាំង ស្រុកត្រាំកក់ ស្រុកសំរោងនិងក្រុងដូនកែវ ដើម្បីជួបពិភាក្សាគ្នាបង្កើតមូលនិធិអ្នករត់ម៉ូតូឌុប រ៉ឺម៉កកង់បី និងតាក់ស៊ីដើម្បីងាយស្រួលដល់បងប្អូនយើងខ្ចីថវិកាដោយការប្រាក់ ទាប សម្រាប់យកទៅប្រើប្រាស់ដោះស្រាយនៅក្រុមគ្រួសារ។
ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ការជួបជុំគ្នានេះគឺដើម្បីបង្កើតនូវមូលនិធិឡើងសម្រាប់បងប្អូន ទាំងអស់គ្នាព្រោះមូលនិធិនេះបានដើរតួនាទីយ៉ាងសំខាន់ ជួយសម្រួលនូវការខ្វះខាតរបស់បងប្អូនដែលត្រូវការថវិកាជាបន្ទាន់ សម្រាប់ដោះស្រាយបញ្ហានានានៅក្នុងក្រុមគ្រួសារ ពីព្រោះមូលនិធិនេះនឹងផ្តល់នូវប្រាក់កម្ចីដែលមានការប្រាក់ទាប បំផុតហើយចំណូលដែលបានមកពីការប្រាក់នេះ នឹងដាក់បញ្ជូលនៅក្នុងមូលនិធិដើម្បីឲ្យមូលនិធិមានធនធាន ហិរញ្ញវត្ថុកាន់តែធំឡើងៗ ។
ឯកឧត្តមបានបន្តទៀតថាមូលនិធិនេះបង្កើតឡើងមានប្រធាន អនុប្រធាន គណៈកម្មាធិការប្រតិបត្តិ ដែលជាអ្នកទទួលខុសត្រូវក្នុងការសម្រេចចិត្តផ្ដល់ប្រាក់កម្ចី និងត្រូវជ្រើសរើសចេញពីបងប្អូនយើងទាំងអស់គ្នា ។
មុនដំបូងមូលនិធិនេះនឹងចាប់ផ្ដើមដំណើរការនៅលើស្រុកក្រុង៤សិន ហើយយើងនិងពង្រីកដំណើរមូលនិធិឲ្យអស់ទូទាំងខេត្តតែម្តងដើម្បី ជួយសម្រួលដល់បងប្អូនរត់ម៉ូតូឌុប រ៉ឺម៉កម៉ូតូ ក្នុងខេត្តរបស់យើងនេះ។ លោកអភិបាលខេត្តបានបញ្ជាក់ថា រូបលោកផ្ទាល់បានផ្តល់ថវិកាចំនួន៥០០០$សម្រាប់មូលនិធិ លោកវរៈសេនីយ៍ត្រី ឆាយ សាវុធ អធិការនគបាលក្រុងដូនកែវឧបត្ថម្ភថវិកា ៥០០០ដុល្លា ដាក់ចូលមូលនិធិ។ នាឱកាសនោះលោកអភិបាលខេត្តបានផ្តល់អាងទឹកធំមួយជូនដល់ប្អូន ក្មួយៗគរុសិស្សសម្រាប់ស្តុកទឹកទុកប្រើប្រាស់ផងដែរ៕