ព្រៃវែង៖នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង បានអញ្ជើញប្រកាសតែងតាំងប្រធាន មន្ទីរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ថ្មី នៅខេត្តព្រៃវែង ក្នុងពិធីនេះដែរមានវត្តមានចូលរួមពីឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម កែវ សេន អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ ខេត្ត ប្រធានការិយាល័យដែនដីសំណង់នគរូបនីយកម្ម ស្រុកក្រុង លោកអភិបាលស្រុក ក្រុងរួមនឹងមន្ត្រីរាជការជាច្រើននាក់ផងដែរ។
នាឱកាសនោះ ឯកឧត្តម កែវ សេន អភិបាលរងខេត្តព្រៃវែង បានធ្វើការផ្តាំផ្ញើ លោក អេង ផេងអាន ប្រធានមន្ទីរដែលចូលកាន់មុខ តំណែងថ្មី ត្រូវយកចិត្តទុកដាក់បំពេញការងារ ប្រកបដោយការទទួលខុសត្រូវ លើកកម្ពស់សមត្ថភាពក្នុងការអនុវត្តតួនាទីភារៈកិច្ច ប្រកបដោយឆន្ទះម្ចាស់ការ និងមនស្សការវិជ្ជាជីវៈ គោរពវិន័យការងារសំដៅលើកបង្កើនប្រសិទ្ធភាព និងគុណភាពការងារ ប្រកបដោយការឆ្លើយតប។
បន្ទាប់មកឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឆាន់ សាផាន បានណែនាំមួយចំនួនដល់មន្ទីរយកចិត្តទុកដាក់ក្តាប់សភាពការ ឲ្យបានខ្ជាប់ខ្ជួន ជាពិសេសខិតខំដោះស្រាយនូវរាល់ករណីវិវាទទាំងឡាយ ដែលបានកើតមានឡើងតាំងពីពេលចាប់ផ្តើមរហូតដល់ បញ្ចប់ជាស្ថាពរ ដោយសហការជាមួយស្ថាបន័ពាក់ពន្ធ័ ចុះធ្វើការដោះស្រាយដោយស្មារតីទទួលខុសត្រូវ យុត្តិធម៌ និងមានភាពទន់ភ្លន់ សាកសមជាមន្ត្រីផ្តល់សេវា ជូនប្រជាពលរដ្ឋ ជាពិសេស ត្រូវខិតខំអនុវត្តឲ្យបានមឺងមាត់ នូវរាល់បទបញ្ជា និងគោលការណ៍ទាំងឡាយ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង និងសាលាខេត្តបានដាក់ចេញ ត្រូវមានសាមគ្គីភាព ផ្ទៃក្នុងឲ្យបានល្អសំដៅបង្កើនប្រសិទ្ធភាព ការងារឲ្យបានទាន់ពេលវេលា។
ជាងនេះទៅទៀត សេវាសាធារណៈ ត្រូវផ្តល់ជូនអ្នកប្រើប្រាស់សេវា ឲ្យឲ្យបានទាន់ពេលវេលាមានតម្លាភាព ប្រសិទ្ធិភាព និងគណនេយ្យភាព ស្របតាមគោលការណ៍៥ចំណុច នៃការផ្តល់សេវាសាធារណៈដែលរួមមាន ទី១ ភាពងាយស្រួលក្នុងការទទួល យកសេវា ទី២-គុណភាពព័ត៌មាន ទី៣-ភាពយកចិត្តទុកក្នុងការទទួលអ្នកប្រើប្រាស់សេវា ទី៤-សេវាផ្តល់តាមគោលការណ៍កំណត់ និងមានអភិបាលកិច្ចល្អ និងទី៥-យន្តការទទួលយកពាក្យបណ្តឹងតវ៉ា និងព័ត៌មានត្រឡប់របស់អ្នកប្រើប្រាស់សេវា។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ឆាន់ សាផាន បានជំរុញការចុះបញ្ជីដីធ្លី ជាលក្ខណៈប្រព័ន្ធ ក៏ដូចជាដាច់ដោយដុំដើម្បីរួមចំណែកអនុវត្ត ផែនការរបស់រាជរដ្ឋាភិបាល ដែលត្រូវបញ្ជីដីទូទាំងប្រទេសឲ្យបាន៧០% ពីពេលតទៅដល់ឆ្នាំ ២០១៨ និងត្រូវខិតខំជម្រះបញ្ជីដែល បានកកស្ទះកន្លងឲ្យមក។ លោក អេង ផេងអាន បានប្តេជ្ញាចិត្ត ខិតខំអនុវត្តឥបានទទួលជោគជ័យ នូវរាល់ភារៈកិច្ច ដែលក្រសួង និងថ្នាក់ដឹកនាំខេត្តបានដាក់ចេញ ជាពិសេសសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ៕