ប្រជាពលរដ្ឋ​រិះគន់​អាជ្ញាធរ ខណ្ឌចំការមន គ្រប់គ្រង​សំរាម​មិនបាន​ល្អ​

23-May-2016 | ដោយ មែន កំសត់



​ភ្នំពេញ ៖ ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៣ ខែឧសភា នេះ បាន​រិះគន់​អាជ្ញាធរ ខណ្ឌចំការមន និង​ក្រុមហ៊ុន​ស៊ិន​ទ្រី​ថា មិនបាន​ប្រមូល​សំរាម​អោយបាន​ល្អ និង​គ្រប់គ្រង សំរាម​អោយបាន​ត្រឹមត្រូវ តែ​អាជ្ញាធរ និង​ក្រុមហ៊ុន​ចោទ​វិញ​ថា ប្រជាពលរដ្ឋ​មិនបាន​ដាក់​ទុកដាក់ វិច ខ្ចប់ មិនបាន​ល្អ និង​បោះចោល​ពាល​កាល ។​

​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ខណ្ឌចំការមន រាជធានី​ភ្នំពេញ បាន​រិះគន់​អាជ្ញាធរ ពិសេស​សាលាខណ្ឌ អភិបាលខណ្ឌ លោក អ៊ុង​ សំខាន់ និង​ក្រុមហ៊ុន​ប្រមូល សំរាម​មិនមាន​ចំណាត់​បាន​ប្រមូល​សំរាម​នៅតាម​មាត់​លូ បឹងត្របែក​ខណ្ឌចំការមន​មិនបាន​ល្អ​ដែល​បណ្តាលអោយមាន​ក្លិនស្អុយ ខូច​បរិស្ថាន និង​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​នៅតាម​តំបន់​នោះ ជាពិសេស​គឺ​នៅពេល​ភ្លៀង​ធ្លាក់​ម្តងៗ​បានធ្វើអោយ​សំរាម​អណ្ដែត​មកលើ​ផ្លូវ សាធារណៈ​។​

​ប្រជាពលរដ្ឋ​ទាំង នោះបាន​លើកឡើងថា កន្លងមក​អាជ្ញាធរ​មិនដែល​បាន​ណែនាំ​ពន្យល់​ប្រជាពលរដ្ឋ​អោយ​យល់ដឹង​ពី​ការ ទុកដាក់​សំរាម​ក៏ដូចជា​អោយមាន​អនាម័យ​ល្អ ជាពិសេស​ខាង​ក្រុមហ៊ុន​ក៏​មិន​បានមក​ប្រមូល​ទាន់ពេលវេលា​ដែល​ធ្វើអោយ សំរាម​រាយប៉ាយ​ទាំង​នៅក្នុង​ទឹក និង​នៅលើ​ដី និង​ខូច​សណ្ដាប់ធ្នាប់ សោភណភាព ទីក្រុង​ភ្នំពេញ ព្រមទាំង​សុខភាព​របស់​ប្រជាពលរដ្ឋ​។​

​បុគ្គលិក​ស៊ិន​ទ្រី លោក ប្រឹង ម៉ុ​ត បាន​លើកឡើងថា បើទោះបី​ក្រុម​របស់លោក​ប្រឹង​ប្រែ​ខិតខំ​ប្រមូល​សំរាម​នៅតាម​ផ្ទះ​របស់ ប្រជាពលរដ្ឋ​យ៉ាងណាក៏ដោយ លោក​សង្កេតឃើញ​ប្រជាពលរដ្ឋ​មួយចំនួន​មិនបាន​វេច​ខ្ចប់ សំរាម​អោយបាន​ត្រឹមត្រូវ​នោះទេ ហើយ​ថែមទាំង​បោះ​សំរាម​ចូល​លូ​ទៀតផង ដែល​ពិបាក​ដល់​ក្រុមការងារ​របស់លោក​ក្នុងការ​ប្រមូល​សំរាម​ឲ្យ​បាន​ស្អាត នោះទេ​។​

​ករណីនេះ លោក ប៊ុន សុ​ភ័​ក្រ អភិបាលរង​ខណ្ឌចំការមន បានអោយដឹងថា ដោយ​មើលឃើញ​ពី​ការយល់ដឹង​នៃ​ការ​វិច​ខ្ចប់​សំរាម​របស់​ប្រជាពលរដ្ឋ​មិនបាន ល្អ​នោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​សិន ទ្រី ដើរ​ប្រមូល​សំរាម​អនាធិបតេយ្យ និង​មាន​ក្រុម​ចុះ​ណែនាំ​ប្រជាពលរដ្ឋ​អោយមាន​ការ​វិច​ខ្ចប់​អោយបាន ត្រឹមត្រូវ និង​បញ្ចេញ​សំរាម​អោយបាន​ទាន់ពេលវេលា​ទៀតផង​។​លោក​ក៏បាន​សំណូមពរ​ឲ្យ ប្រជាពលរដ្ឋ​ជួយ​វេច​ខ្ចប់​សំរាម ឲ្យ​បាន​ស្អាត និង​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ​។​​សូមបញ្ជាក់ថា ក្នុង​មួយថ្ងៃៗ ក្រុមហ៊ុន ស៊ីន​ទ្រី បាន​ប្រមូល​សំរាម​ពី​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១​ពាន់ ៨​រយ​តោន ក្នុង​រាជធានី​ភ្នំពេញ​៕
​ប្រភព​៖BAYON TV

ចំនួនអ្នកទស្សនា

    20216587

  • ថ្ងៃនេះ5921
  • ម្សិលមិញ2931
  • សប្តាហ៍នេះ18111
  • ខែនេះ5921
  • ឆ្នាំនេះ989141
  • សរុប20216587