ខេត្តព្រះសីហនុ ៖ រឿងភាពមិនប្រក្រតីនៃការចេញប្លង់កម្មសិទ្ធិលើដីតំបន់ព្រៃលិច ទឹកឲ្យក្រុមហ៊ុនឧកញ៉ា ហាន់ ឃៀង ក៏ដូចជាបុគ្គលមួយចំនួនផ្សេងទៀតក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់ បច្ចុប្បន្នកំពុងក្លាយទៅជាប្រធានបទមួយយ៉ាងមានប្រជាប្រិយភាពបំផុត សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ជាពិសេសក្រុមអ្នកលេងសម្តីតាមតុកាហ្វេ ដោយគេយល់ថាបញ្ហានេះជាអំពើឃុបឃិតយ៉ាងស៊ីសង្វាក់របស់អាជា្ញធរ មូលដ្ឋានតំបន់នោះ ជាមួយនឹងមន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសគឺមន្ត្រីជំនាញសុរិយោដីតែម្តង រំលោភបំពានលើច្បាប់ភូមិបាលទាំងស្រុង ។ទោះបីជាយ៉ាងនេះក៏ដោយ សម្រាប់មន្ត្រីអាជ្ញាធរក្នុងស្រុកព្រៃនប់ក៏មានការបកស្រាយខ្លះៗផង ដែរចំពោះបញ្ហានេះ ដោយបានលើកឡើងថា ដីតំបន់នោះដើមឡើយមិនមែនជាដីព្រៃលិចទឹកទេ ។
លោក សើ យុ ប្រធានភូមិព្រៃទាល់ ឃុំទឹកថ្លា ក្នុងកិច្ចសម្ភាសជាមួយក្រុមអ្នកសាព័ត៌មាននាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ បាននិយាយបញ្ជាក់ថា ដីតំបន់នេះគឺជាដីដែលប្រជាពលរដ្ឋធ្លាប់ធ្វើស្រែចម្ការអាស្រ័យផល តាំងពីឆ្នាំ១៩៦០មកម្ល៉េះ ហើយនៅក្នុងអំឡុងឆ្នាំ១៩៧០ ជំនាន់របប ប៉ុល ពត ក៏ដីតំបន់នោះនៅតែធ្វើស្រែចម្ការដដែល គឺធ្វើជាលក្ខណៈជាក្រុមសាមគ្គី ហើយទំនន់ការពារទឹកប្រៃកាលនោះក៏នៅល្អផងដែរ រហូតមកដល់ឆ្នាំ១៩៧៩ ថ្ងៃរំដោះ ទំនប់ទឹកប្រៃនោះក៏នៅល្អធម្មតា មិនមានការខូចខាតនោះទេ ។
លុះមកដល់ឆ្នាំ១៩៨០-១៩៨១ ទំនប់ការពារទឹកប្រៃនោះក៏បានរងការខូចខាត ហើយត្រូវបានមន្ទីរកសិកម្មជំនាន់នោះធ្វើការបំផុសឲ្យប្រជាពលរដ្ឋរូ មគ្នាលើកទំនប់ឡើងវិញ ប៉ុន្តែមិនអាចធ្វើទំនប់ឡើងវិញបាននោះទេ ជាហេតុធ្វើឲ្យទឹកសមុទ្រវាលុកហូរចូលដីស្រែចម្ការ ហើយព្រៃលិចទឹកក៏ចាប់ផ្តើមដុះជាបណ្តើរៗតាំងពីពេលនោះ នឹងធ្វើឲ្យប្រជាពលរដ្ឋធ្វើស្រែចំការលែងកើតរហូតមក ។
នៅក្នុងអំឡុងឆ្នាំ១៩៩៣ ដីព្រៃលិចទឹកតំបន់នោះទាំងអស់ត្រូវបានរដ្ឋប្រកាសចេញប្លង់ កម្មសិទ្ធិ (ប្លង់ស្លាប មាន់) ជូនប្រជាពលរដ្ឋដែលធ្លាប់បានកាន់កាប់ពីមុនមក ដើម្បីមានសិទ្ធិគ្រប់គ្រាន់ប្រកបអាជីវកម្មផ្សេងៗតាមតែអាចធ្វើទៅ បាន ។ ក្រោយមកទៀតនៅក្នុងអំឡុងឆ្នាំ២០០៣-២០០៤ មន្ត្រីជំនាញសុរិយោដីក៏បានចុះធ្វើការវាស់វែងដីតំបន់ព្រៃលិចដដែល នេះ ប្តូរពីប្លង់សា្លបមាន់មកជាប្លង់លក្ខណៈប្រព័ន្ធវិញទាំងអស់រហូត មកដល់សព្វថ្ងៃតែម្តង ។
ដោយឡែក សម្រាប់លោក ភឿន ណាំ ជាមេឃុំទឹកថ្លា មិនបានធ្វើការបកស្រាយឲ្យបានក្បោះក្បាយអ្វីនោះទេ ព្រោះយល់ថា អ្វីដែលលោកចង់និយាយ នឹងចង់បញ្ជាក់ មិនខុសគ្នានឹងអ្វីដែលលោក សើ យុ ជាមេភូមិព្រៃទាល់និយាយរៀបរាប់ខាងលើនេះឡើយ ។
ចំណែកឯ លោក ទិត វុទ្ធី អភិបាលស្រុកព្រៃនប់ ក៏បានធ្វើការបញ្ជាក់ផងដែរថា បើពិនិត្យទៅលើឯកសារពាក់ព័ន្ធរបស់មន្ត្រីជំនាញសុរិយោដីលើដីតំបន់ ព្រៃលិចទឹកទៅឲ្យលោកឧកញ៉ា ហាន់ ឃៀង ក៏ដូចជាការចេញប្លង់កម្មសិទ្ធិ កន្លែងផ្សេងទៀតក្នុងឃុំទឹកថ្លានេះ ដូចជាមិនមានអ្វីខុសច្បាប់នោះទេ ពីព្រោះដីចំណុចនេះមុននឹងចេញប្លង់កម្មសិទ្ធិជាលក្ខណៈប្រព័ន្ធបាន គឺឆ្លងកាត់ប្រាំដំណាក់កាលឯណោះ មិនមែនចេះតែធ្វើៗនោះទេ ។ ហើយចំណែកការអនុញ្ញាតឲ្យក្រុមហ៊ុន ហាន់ ឃៀង ចុះឈូសឆាយដីដែលកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រមាណ៥០ហិកតាដើម្បី កែប្រែជាដីកសិកម្មក៏មិនមានអ្វីខុសទេ ព្រោះក្រុមហ៊ុនមានប្លង់កម្មសិទ្ធិស្របច្បាប់ ។
គួររំលឹកផងដែរថា ដីតំបន់ព្រៃលិចទឹកខាងលើនេះ ដើមឡើងនៅក្នុងអំឡុងឆ្នាំ២០០៤-២០០៥ ត្រូវបានប្រកាស់ចេញប្លង់កម្មសិទ្ធិចំនួន៣៩ប្លង់ ស្មើនឹងដីទំហំជាង១១៥.៨៣ហិកតា ប៉ុន្តែត្រូវបានរដ្ឋបាលជលផលខេត្តព្រះសីហនុជំនាន់នោះធ្វើការ ប្តឹងជំទាស់មិនឯកភាពនោះទេ ដោយលើកហេតុផលថា ជាដីព្រៃលិចទឹក ។ លុះក្រោយមកនៅអំឡុងឆ្នាំ២០០៧ ជំនាន់លោក សាយ ហាក់ ជាអភិបាលខេត្តព្រះសីហនុ ដីតំបន់ព្រៃលិចទឹកខាងលើត្រូវបានដាក់ឲ្យនៅក្រោមការគ្រប់គ្រង របស់សហគមន៍ទាំងអស់ នឹងមិនអនុញ្ញាតឲ្យបុគ្គលណាម្នាក់យកដីព្រៃលិចទឹកធ្វើជា កម្មសិទ្ធិឯកជននោះឡើយ ព្រមទាំងមានការឯកភាពយ៉ាងច្បាស់ពីអាជ្ញាធរពាក់ព័ន្ឋ ៕